ភ្នំពេញ៖ សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុន សែន បានទទួលជួបសំណេះសំណាល និងពិសារ អាហារសាមគ្គីលក្ខណ:គ្រួសារ ជាមួយគូស្វាមី-ភរិយា ដែលរៀបអាពាហ៍ពិពាហ៍រួមថ្ងៃតែមួយ ជាមួយសម្តេចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ជាមួយគ្នានេះផងដែរ សម្តេច ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ តទៅសម្តេច នឹងឧបត្ថមជាប្រចាំខែ ដល់គ្រួសារនីមួយៗ ខាងលើនេះ ក្នុង១ខែថវិកា ១លានរៀល សម្រាប់ ជួយសម្រាលបន្ទុកគ្រួសារ។
នៅថ្ងៃទី៣០ ខែមិថុនា សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុន សែន បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាលក្ខណ:គ្រួសារ ជាមួយ លោក លោកស្រី ជាគូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍រួមគ្នាក្នុងពេលតែមួយ ជាមួយ សម្តេច ដែលមានវត្តមានចូលរួមពីគូស្វាមី-ភរិយា ដែលនៅមានជីវិតទាំងគូចំនួន ៣គ្រួសារ អ្នកជាស្ត្រី មេម៉ាយ ចំនួន៤គ្រួសារ និងអ្នក ពោះម៉ាយ ចំនួន១គ្រួសារដែលពិធីនេះបានប្រព្រឹត្តិទៅនៅភូមិគ្រឹះ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់ថាគូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ដំណាលគ្នាជាមួយ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបខ្មែក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ មានចំនួន ១៣គូរាប់ទាំងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ គិតមកដល់ឆ្នាំ ២០២៤នេះ ចំណងអាពាហ៍ ពិពាហ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺមានរយ:ពេល៤៨ឆ្នាំហើយ។
អាពាហ៍ពិពាហ៍ សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុន សែន ដែលរៀបចំឡើង ដោយខ្មែរក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយ គូស្រករ ១២គូ ផ្សេងទៀត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះគ្មានឡើយ សម្លៀកបំពាក់ ប្រពៃណី, គ្មានឡើយ ភ្លេងបាយខុនចងដៃ, គ្មានឡើយ ភ្លេងព្រះថោង តោងស្បៃ,គ្មានការ អញ្ជើញចូលរួម ពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួម អបអរសាទរពីមិត្តភក្តិនោះដែរ ពោលឈុត អាពាហ៍ ពិពាហ៍ មានតែអាវខ្មៅ និងមានតែ អង្គការប៉ុណ្ណោះ ធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។
ក្នុងជំនួបសំណេះសំណាល និងពិសារអាហាសាមគ្គី ជាលក្ខណ:គ្រួសារនេះ សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថមដល់ គូស្វាមី-ភរិយា ចំនួន៨គ្រួសារដែល បានអញ្ជើញមកចូលរួមក្នុងពិធីនេះ ក្នុង១គ្រួសារៗទទួលបានថវិកា ចំនួន២០លានរៀល ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ តទៅសម្តេច នឹងឧបត្ថមជាប្រចាំខែ ដល់គ្រួសារនីមួយៗ ខាងលើនេះ ក្នុង១ខែថវិកា ១លានរៀល សម្រាប់ ជួយសម្រាលបន្ទុកគ្រួសារ។
ដោយឡែក សម្រាប់ កូន និងចៅ គ្រួសារ ទាំង១២គូ ដែលបានរៀប អាពាហ៍ ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេចក្នុងរបបខ្មែរក្រហមនេះសម្តេចសន្យានិងជួយពួកគេឲ្យទទួលបានការសិក្សាដ៏សមរម្យមួយ ពោលគឺ អ្នកដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេច នឹងផ្តល់ អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ។ដោយឡែក សម្រាប់អ្នកប្រឡងធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេចនិងផ្តល់អាហារូបករណ៍ឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររងតាមជំនាញផ្សេងៗ៕