Cctimesw1140xh150cm copy

SMEនៅទូទាំងប្រទេសកម្ពុជាដែលបានចុះបញ្ជីជាផ្លូវការមានចំនួន៤៤.៥៥០មូលដ្ឋាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យមនានា នៅតាមបណ្ដារាជធានី-ខេត្តនៃប្រទេសកម្ពុជាដែលបានចុះបញ្ជីជាផ្លូវការមានចំនួន ៤៤.៥៥០ មូលដ្ឋាន គិតមកដល់បច្ចុប្បន្ននេះ។ នេះបើតាមរបាយការណ៍ដែលត្រូវបានរំលេចឡើងនៅក្នុងឱកាសអបអរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម លើកទី១ ឆ្នាំ២០២៤ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាមានការចូលរួមពីតំណាងម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ប្រមាណជិត ៥.០០០ នាក់ មកពីបណ្តារាជធានី-ខេត្តទាំង ២៥នៃប្រទេសកម្ពុជា ដែលភាគច្រើនជាសហគ្រាសកម្មន្តសាលស្បៀង និងម្ហូបអាហារ នៃសហគ្រាសធុនតូច និងមធ្យម។

នាឱកាសនេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប និងបានផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។

សម្ដេចបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល អាណតិ្តទី៧ បន្តគាំទ្រ និងពង្រឹងវិស័យឯកជន ដោយធានារក្សាបាននូវស្ថិរភាពនៃកត្តាសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្រតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា លិខិតបទដ្ឋានគតិយុត្ត និងការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាដើម ។ល។ យ៉ាងណាម៉ិញ វិស័យឯកជន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកខ្លួន ជាពិសេស លើផ្នែកអភិបាលកិច្ច និងចូលរួមជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍរីកចម្រើនជូនប្រទេសជាតិ និងប្រជាជន។

គួរបញ្ជាក់ថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម ក្រោមប្រធានបទ «ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និង មធ្យម ដើម្បីកំណើនកាន់តែប្រសើរ (Better MSMEs Ecosystem for Better Growth)» ត្រូវបានសហការរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម កម្ពុជា(FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម នៅកម្ពុជា ក្នុងគោលបំណងអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម លើកទី១ ឆ្នាំ២០២៤ និងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងផលិតករក្នុងស្រុកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង