681 ezgif.com resize
Swift cc time

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាព ក្នុងជន្មាយុ ៨០ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពត៖ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាពនៅថ្ងៃនេះ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ នៅឯស្រុកកំណើត។ មរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់ធនធានដ៏សំខាន់ និងមរតកមនុស្សរស់ចាប៉ីដងវែង។

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានទីកន្លែងកំណើតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ ព្រឹទ្ធាចារ្យ គង់ ណៃ ពិការភ្នែក នៅអាយុ៤ឆ្នាំ ដោយសារជំងឺអ៊ុតធំ។ រហូតដល់អាយុ ១៣ឆ្នាំ ដោយមិនអាចប្រកបរបរអ្វីបាន ព្រឹទ្ធាចារ្យ គង់ ណៃ បានទៅរៀនចាប៉ីដងវែង ពីឪពុកធំ ឈ្មោះ គង់ ទិត្យ។ រហូតដល់អាយុ ១៥ឆ្នាំ ព្រឹទ្ធាចារ្យ គង់ ណៃ អាចចេញសម្ដែងបាននៅតាមភូមិនានា។ នៅអាយុ១៦ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏អាចចេញទៅសម្ដែងបាន នៅតាមបណ្ដាខេត្តនានា។

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វូគុអុកា (Fukuoka Prize) របស់ប្រទេសជប៉ុន កាលឆ្នាំ ២០១៧ ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វូគុអុកា បានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៩០ មកនៅទីក្រុងហ្វូគុអុកា ប្រទេសជប៉ុន និងត្រូវផ្តល់ជូនបុគ្គល ដែលមានស្នាដៃឆ្នើម នៅក្នុងតំបន់អាស៊ី ដែលពាក់ព័ន្ធផ្នែក អប់រំ សិល្បៈ និងវប្បធម៌។ ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាបុគ្គលទី៣ ហើយដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពីលោក ឆេង ផុន ជាអ្នកនិពន្ធរឿងល្ខោន ឆ្នាំ ១៩៩៧ និង លោក អាំង ជូលាន ជាអ្នកស្រាវជ្រាវខេមរសិក្សា នៅឆ្នាំ ២០១១ សម្រាប់ជនជាតិខ្មែរ៕


Khcct banner

អត្ថបទទាក់ទង