ភ្នំពេញ៖ លោក គួច ចំរើន ត្រូវបានមហាក្សត្រចេញព្រះរាជក្រឹត្យ នៅថ្ងៃទី ២៤ មិថុនា ផ្ទេរ និង តែងតាំងមុខតំណែង ពីអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តកណ្តាល។គិតមកដល់ពេលបច្ចុប្បន្នលោកកាន់ដំណែងជាអភិបាលខេត្តកំពង់ចាម ខេត្តព្រះសីហនុ និង បច្ចុប្បន្ននេះជា អភិបាលខេត្តកណ្តាល។លោកធ្លាប់ត្រូវបានការសរសើរពីអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេច ហ៊ុន សែន ចាត់ទុកថាជាចៅវ៉ាយខេត្តខ្លាំង និង មានបទពិសោធន៍ ក្នុងការគ្រប់គ្រង។
លោក គួច ចំរើន កើតនៅទឹកដីស្រុកជីក្រែង ខេត្តសៀមរាប លោកជាកូនទី៤ ក្នុងចំណោមបងប្អូន ៥នាក់ មានលោកឪពុកនាម គួច ណាំហេង និង អ្នកម្ដាយនាម សុខ ឈាង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កុមារា គួច ចំរើន បានចូលរៀនថ្នាក់ដំបូងក្រោមផ្ទះមួយ នៅភូមិត្រាចថ្មី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប និង បន្ដរហូតដល់ចប់ចំណេះដឹងទូទៅ នៅសាលា ១០ មករា ខេត្តសៀមរាប ក្នុងខែមិថុនា ឆ្នាំ១៩៨៩។
នៅឆ្នាំ១៩៩០ យុវជន គួច ចំរើន បានចូលសិក្សានៅមហាវិទ្យាល័យបច្ចេកទេសកងទ័ពវៀតណាម ក្រោយមកនៅខែមីនា ឆ្នាំ១៩៩៣ បានបន្ដសិក្សានៅមហាវិទ្យាល័យនីតិសាស្រ្ដ និង វិទ្យាសាស្រ្ដសេដ្ឋកិច្ច ដោយបានបញ្ចប់នៅថ្ងៃទី ២២ កក្កដា ១៩៩៧។ នៅខែតុលា ឆ្នាំ២០០៤ បានចូលសិក្សានៅសាកលវិទ្យាល័យនីតិសាស្រ្ដ និង វិទ្យាសាស្រ្ដសេដ្ឋកិច្ចទទួលបានបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៅថ្ងៃទី១ សីហា ២០០៧។
ទាក់ទងនឹងប្រវត្តិការងារ លោក គួច ចំរើន បានបំពេញការងារជាបុគ្គលិកចាត់តាំងនៅសាលាខណ្ឌចំការមន ពីឆ្នាំ១៩៩៣ដល់ថ្ងៃទី១៣ កក្កដា ១៩៩៩ និង បន្ដជាអភិបាលរងខណ្ឌចំការមន ដល់ថ្ងៃទី ២៣ កក្កដា ២០០៤ ហើយចាប់ពីខែកក្កដា ២០០៤ បន្ដជាអភិបាលខណ្ឌមានជ័យ ដល់ថ្ងៃទី១៦ ឧសភា ២០១៤។ពីខែឧសភា ២០១៤ លោកបន្ដជាអភិបាលខណ្ឌដូនពេញ ដល់ថ្ងៃទី ០៦ ធ្នូ ២០១៦ និង ពីខែធ្នូ ២០១៦ លោកបន្ដជា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ដោយសារភាពបិនស្រប់ និង ពូកែក្នុងការដឹកនាំ នៅខែ មិថុនា ២០១៧ លោកបន្ដជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដល់ខែមិថុនា ២០១៩ ហើយពីថ្ងៃទី២៤ ខែមិថុនា ២០១៩ បន្ដជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ស្របពេលខេត្តជាប់មាត់សមុទ្ររបស់កម្ពុជានេះ ជនជាតិចិនហូរចូលដូចទឹកបាក់ទំនប់ និង ឧបទ្ទវហេតុបាក់រលំអគារបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងអំឡុងពេលដឹកនាំប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងទៅកាន់អ្នកកាសែត បញ្ជាក់មូលហេតុដែលតែងតាំងលោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុថា គឺដោយសារតែលោក ជាអ្នកខ្លាំង មានបទពិសោធន៍ ក្នុងការគ្រប់គ្រងទាំងកាលនៅរាជធានីភ្នំពេញ និង ខេត្តកំពង់ចាម។
នៅថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ឱ្យលោក គួច ចំរើនបន្ដជាអភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល។ជាខេត្តខាងកើតជាប់ខេត្តព្រៃវែងខាងត្បូងជាប់ ខេត្តតាកែវខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាមខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាម។ ទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃភ្នំពេញ។ជាខេត្តដ៏មានមានសក្ដានុពលជាច្រើន៕