ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៥ មិថុនា បានចេញសេចក្តីជូនដំណឹងក្រើនរំលឹកដល់សាធារណជន និង អាជ្ញាធរមូលដ្ឋាន «ដីចំណីទន្លេស្ទឹង,ព្រែក,ទំនប់អាងទឹក»គឺជាទ្រព្យសម្បត្តិរដ្ឋ។ការក្រើនរំលឹកនេះ ធ្វើឡើងក្រោយពីក្រសួងពិនិត្យឃើញថា មានសកម្មភាពរំលោភយកដីចំណីស្ទឹងព្រែកត្នោត និង ទំនប់អាងទឹក៧មករា។
ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនសាធារណជន និង អាជ្ញាធរមានសមត្ថកិច្ចជ្រាបថា "ដីចំណីស្ទឹង និង ដីអាងទឹក"គឺជាទ្រព្យ សម្បត្តិរដ្ឋ ដែលពុំមានបុគ្គលណាមួយអាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ។កាលនេះ គឺក្រសួងយោងតាមមាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និង ការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ប្រកាសឱ្យប្រើ ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមច្បាប់ "រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុង មាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន)រៀល ដល់ ១០.០០០.០០០(ដប់លាន)រៀល”។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមថែរក្សា ការពារទ្រព្យសម្បត្តិរបស់រដ្ឋ ជាពិសេសការការពារដីចំណីទន្លេ ស្ទឹង ព្រែក និងទំនប់ អាងទឹក ជាដើម ជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើដល់ជីវិតមនុស្ស សត្វ និង រុក្ខជាតិ និង អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសហការទប់ស្កាត់ និង ចាត់វិធានការតាមផ្លូវច្បាប់លើជនដែលធ្វើ សកម្មភាពប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ នៅស្ទឹងព្រែកត្នោត និងទំនប់អាងទឹក៧មករា៕