ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិនចំនួន ១១ មកពីទីក្រុងសៀងហៃ ឆឹងទូ ហាងចូវ និងខេត្តចេជាង ដែលត្រូវបានដឹកនាំដោយលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG SEZ CO., LTD.)។ ក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ (កេសកាតុង និងសម្ភារៈប្លាស្ទិក) ឧស្សាហកម្មគីមី អេប៉ុង និងផលិតខ្មៅដៃ និងគ្រឿងសង្ហារិម។
នាឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលោក ជូ ចាងជីន ដែលបានចូលរួមអភិវឌ្ឍន៍សង្គម- សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅកម្ពុជា គឺ ទី១-តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅឆ្នាំ២០១៨ និងទី២-តំបន់សេដ្ឋកិច្ចពិសេស កោះកុង ជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលទើបទទួលបានគោលការណ៍អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ។ បន្ថែមពីនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមាន តុចិន (China Desk) សម្រាប់រង់ចាំផ្តល់ការប្រឹក្សា និងកិច្ចសម្រួលនានាជូនវិនិយោគិនចិនផងដែរ។
ទន្ទឹមនឹងនេះ លោក ជូ ចាងជីន បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាងហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមានការបណ្ដាក់ទុនវិនិយោគពេញក្នុងតំបន់ រីឯតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន មានការបណ្ដាក់ទុនវិនិយោគចំនួន ២៨ ក្រុមហ៊ុន ហើយនឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះឱ្យបាន១០០ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៤នេះ។
បន្ថែមលើនេះ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ លោក ជូ ចាងជីន ក៏បានលើកឡើងពីការអភិវឌ្ឍន៍ឧស្សាហកម្មដែលទាមទារឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី, ប្រព័ន្ធដឹកជញ្ចូនដែលមានភាពអំណោយផល និងការទាក់ទាញឱ្យបានច្រើនថែមទៀតនូវឧស្សាហកម្មគាំទ្រដែលនឹងជួយធានាដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
ជាការឆ្លើយតប លោក ជា វុទ្ធី បានលើកឡើងថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាត់ទុកវិស័យថាមពល គឺនៅតែជាអាទិភាពគន្លឹះសម្រាប់ការអភិវឌ្ឍកម្ពុជា ដូចមានរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) និងដោយផ្អែកលើកត្តាអំណោយផលដូចបានគូសបញ្ជាក់ពីខាងដើម លោកក៏បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ សម្រេចចិត្តវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកផលចំណេញរួមគ្នា៕