Cctimesw1140xh150cm copy

កម្ពុជានិងសហរដ្ឋអាម៉េរិកបន្តដុសខាត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគឱ្យកាន់តែភ្លឺថ្លា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ CDC)

ភ្នំពេញ៖ កម្ពុជា និង សហរដ្ឋអាម៉េរិក នឹងធ្វើការរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម រួមទាំងកិច្ចការងារវិនិយោគរវាងគ្នានិងគ្នា ក៏ដូចជាការទាក់ទាញវិនិយោគិនបន្ថែមទៀតពីសហរដ្ឋអាម៉េរិកផងដែរ។ នេះជាការលើកឡើងរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Andrew Herrup ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយគ្នា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

លោក Andrew Herrup បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម រួមទាំងកិច្ចការងារវិនិយោគរវាងគ្នានិងគ្នាផងដែរ។ បន្ថែមពីនេះ លោក Andrew Herrup ក៏បានលើកឡើងអំពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់មួយចំនួន ដើម្បីបង្កបរិយាកាសឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនបន្ថែមទៀតពីសហរដ្ឋអាម៉េរិក។ ឆ្លៀតក្នុងឱកាសនេះ លោក Andrew Herrup ក៏បានសម្តែងនូវចំណាប់អារម្មណ៍ជាវិជ្ជមានចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ស៊ុន ចាន់ថុល ទៅកាន់សហភាពអ៊ឺរ៉ុប ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីលទ្ធភាពនៃការធ្វើការរួមគ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអាម៉េរិក ដើម្បីពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍ជំរុញវិនិយោគនៅសហរដ្ឋអាមេរិក តាមរយៈការរៀបចំជាវេទិការធុរកិច្ច និងការគោះទ្វារវិនិយោគតាមក្រុមហ៊ុនដែលមានបំណងពង្រីកខ្សែច្រវាក់ផលិតនិងផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងកញ្ចប់លើកទឹកចិត្តនានា ជូនដល់ធុរជនអាម៉េរិក។

បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងបញ្ជ្រាបការឈ្វេងយល់ពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនទៅលោក Andrew Herrup ពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់របស់វិនិយោគិនអាមេរិកនៅកម្ពុជា តាមរយៈការរៀបចំនូវយន្តការរួមសម្រាប់កិច្ចសន្ទនាជាប្រចាំលើកិច្ចការងារវិនិយោគ ដើម្បីអាចឱ្យកម្ពុជាមានលទ្ធភាពសម្របសម្រួលដោះស្រាយបញ្ហានានារបស់វិនិយោគិនអាម៉េរិកបានកាន់តែឆាប់រហ័ស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង