ភ្នំពេញ៖សហភាពសហជីពពន្លឺកម្មករ តំណាងឱ្យកម្មករនិយោជិត ៤ម៉ឺននាក់ នៅថ្ងៃទី ២៤ មិថុនានេះ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីស្នើសុំនាយកអង្គការ USAID ប្រចាំកម្ពុជា គិតគូរឡើងវិញពីការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។ការស្នើសុំនេះ ធ្វើឡើងក្រោយមើលឃើញថា សកម្មភាពរបស់អង្គការសង់ត្រាល់ ធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផល ប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។
យោងតាមដាក់ជូនទៅស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា របាយការណ៍សង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្មករនិយោជិត នៅកម្ពុជានោះទេ និងធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផល ប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល ហើយមានចរិតបម្រើផលប្រយោជន៍នយោបាយ និងញុះញុង លាបពណ៌ ឲ្យមានការរើសអើងសហជីព និង បំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា។
បើតាមរបាយការណ៍ រកឃើញថា អង្គការសង់ត្រាល់ បានលួចផ្ដល់ថវិកា ដើម្បីចងក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួនផ្ទុយពីលក្ខខន្តិកៈរបស់ខ្លួន គឺមិន បានអនុលោមតាមលក្ខខន្តិកៈ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីអង្គការសមាគម និង ច្បាប់ស្តីពីការងារកម្ពុជាឡើយ។
ក្រៅពីនេះ តំណាងកម្មករ និយោជិត បង្ហាញការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ ដល់ស្ថិរភាពការងារ និង ផលប្រយោជន៍របស់កម្មករ និយោជិត និង ស្នើសុំយ៉ាងទទូចដល់នាយក អង្គការ USAID របស់អាម៉េរិក ពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកា សម្រាប់ធ្វើសកម្មភាពដល់ អង្គការសង់ត្រាល់ និង សូមឲ្យអង្គការសង់ត្រាល់ ធ្វើសកម្មភាពប្រកបដោយតម្លាភាព និង ស្របតាមតាមលក្ខខន្តិក:របស់ខ្លួន។