681 ezgif.com resize
Swift cc time

ក្រសួងយុត្តិធម៌ជំរុញឱ្យ«សា្ថប័នតុលាការ»អនុវត្តឱ្យត្រឹមត្រូវ និងម៉ឹងម៉ាត់ លើជនល្មើស ស្រី ស៊ីណា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ 

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៣ មិថុនានេះ បានស្នើសុំសា្ថប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឹងម៉ាត់” ចំពោះករណីសំណុំរឿងទាំងពីររបស់ជនល្មើស ស្រី ស៊ីណា ដោយគ្មានបន្ធូរបន្ថយណាមួយឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុក ករណីបាញ់ប្រហារ គឺពិតជារឿងដ៏រន្ធត់ និងអាណោចអាធ័មក្រៃលែង ទាំងសម្រាប់ ជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ ហើយពុំមានជម្រើសអ្វីក្រៅពីការអនុវត្តតាម ច្បាប់ឱ្យបាន “ត្រឹមត្រូវ” និង “ម៉ឹងម៉ាត់” ដោយផ្អែកតាមអង្គហេតុ, ភស្តុតាង និង អង្គច្បាប់នៅក្នុងសំណុំរឿង។

បើតាមក្រសួងការជំរុញការអនុវត្តតាម ច្បាប់ឱ្យបាន “ត្រឹមត្រូវ” និង “ម៉ឹងម៉ាត់” ដើម្បីធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ដោយម៉ឺងម៉ាត់ និង ដោយគ្មានបន្ធូរបន្ថយណាមួយឡើយ។

ជនត្រូវចោទឈ្មោះ ស្រី ស៊ីណាចោទប្រកាន់ករណីនេះជា ០២ (ពីរ) សំណុំរឿង។សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ សី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។សំណុំរឿងទី ២ (ជនរងគ្រោះរបួសពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្ដន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំសា្ថប័នតុលាការ និង ស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឹងម៉ាត់” ចំពោះករណីសំណុំរឿងទាំងពីរនេះ និង ស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បីធានា ដល់គោលការណ៍ "សមទណ្ឌ” ទៅតាមច្បាប់ ចំពោះករណីនៃការបាញ់ប្រហារខាងលើ។ ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មី បន្ថែម ធ្វើឱ្យប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់, ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះ មានសិទ្ធិអំណាចតាមច្បាប់ ក្នុងការកែប្រែបទចោទប្រកាន់ ទៅតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់ មាន ក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង