ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ មិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ថែម ពាក់ព័ន្ធសំណុំរឿងអតីតឧកញ៉ាបាញ់ប្រហារគូដណ្តឹងវ័យក្មេងដល់ក្នុងផ្ទះ។ក្នុងសេចក្តីប្រកាសព័ត៌មាននោះ តុលាការសាលាដំបូង បានបញ្ជាក់ពីការចោទប្រកាន់២ករណីលើឈ្មោះ ស្រី ស៊ីណា និង បានប្រកាសបើកការស្រាវជ្រាវស៊ីជម្រៅបន្ថែមទៀត ក្នុងករណីមានភស្តុតាងថ្មី។ការប្រកាសនេះ ធ្វើឡើងក្រោយពីរងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមថា ដាក់ទោសតិចពេកលើជនត្រូវចោទឈ្មោះ ស្រី ស៊ីណា។
យោងតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ជាថ្មីថា ជនត្រូវចោទឈ្មោះ ស្រី ស៊ីណាចោទប្រកាន់ករណីនេះជា ០២ (ពីរ) សំណុំរឿង។សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ សី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
សំណុំរឿងទី ២ (ជនរងគ្រោះរបួសពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្ដន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
អ្នកនាំពាក្យសាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា៖ ការចោទប្រកាន់ របស់តំណាងអយ្យការ គឺធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ឋផល នៃការស្រាវជ្រាវ ស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ និងអយ្យការ។ ក្រោយពីទទួលបានសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តាមនីតិវិធីច្បាប់ជាធរមាន។ ចៅក្រម ស៊ើបសួរ នឹងធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀតលើសំណុំរឿងទាំងពីរនេះ ក្នុងករណីរកឃើញនូវ ភស្តុតាងថ្មីបន្ថែម ដែលអាចនាំឱ្យមានការប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់ ចៅក្រមស៊ើបសួរមានសិទ្ធិអំណាចក្នុងការកែប្រែបទចោទប្រកាន់បានជាដរាប។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់វិធានការក្នុងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ នៅក្នុងសំណុំរឿងនេះ ដើម្បីផ្ដល់យុត្តិធម៌ឱ្យបានត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕