Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ចិនគ្រោងសម្ពោធដាក់ផ្លាកឈ្មោះផ្លូវ«មហាវិថីស៊ីជីនពីង»ចំថ្ងៃខួប៦៦ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣។

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះ បានចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ ដើម្បីត្រៀមដាក់សម្ពោធផ្លូវការថ្ងៃខាងមុខ។តាមគម្រោងផ្លូវនេះ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ផ្លាកឈ្មោះ«ផ្លូវមហាវិថី ស៊ី ជីនពីង»នៅខែកក្កដានេះ។

កម្ពុជា និង ចិន កាលពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមថា “មហាវិថី ស៊ី ជីនពីង” ដើម្បីបង្ហាញពីទំនាក់ទំនងល្អនៃប្រទេសទាំងពីរ។ពិធីកាលណោះរៀបចំឡើង ក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ ដើម្បីត្រៀមដាក់សម្ពោធ។

បើតាមគម្រោងរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពសម្រេចយកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ជាថ្ងៃរៀបចំពិធីសម្ពោធដាក់ផ្លាកឈ្មោះ«ផ្លូវមហាវិថី ស៊ី ជីនពីង»។ការសម្រេចយកថ្ងៃទី១៤ កក្កដា គឺចំថ្ងៃខួប៦៦ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងកម្ពុជា និង ចិន។

គួរបញ្ជាក់ថា មហាវិថី ស៊ី ជីនពីង ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែង ៤៧,១០គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។ មហាវិថី ស៊ី ជីនពីង ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុងយុគសម័យតេជោសន្តិភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលជូលដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងយូរអង្វែង។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង