ភ្នំពេញ៖ កម្ពុជា-កូរ៉េ បានជួបពិភាក្សាគ្នាលើការងារ និងផ្ដល់ព័ត៌មានដើម្បីពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ស្របតាមគំនិតផ្តួចផ្តើមរវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក៏ដូចជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំពិភាក្សានាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យភាគីកម្ពុជាបានផ្ដល់ជូនអំពីព័ត៌មានជាសក្ដានុពលល្អសម្រាប់ការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជូនទៅកាន់ស្ថានទូតកូរ៉េប្រចាំកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយបញ្ជ្រៀបអំពីសក្ដានុពល ការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ព្រមទាំងកិច្ចសម្របសម្រួលការងារវិនិយោគ ជូនវិនិយោគិនផងដែរ។
ទន្ទឹមនឹងនេះ ភាគីកូរ៉េក៏បានលើកឡើងអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិនិយោគិន ហើយក្នុងនោះលោក ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យឯកអគ្គរដ្ឋទូត សហការស្វែងរកវិនិយោគិនមានសក្ដានុពលពីប្រទេសកូរ៉េ ដែលមានបំណងដាក់ទុនវិនិយោគលើការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជា ពិសេសក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ អញ្ជើញទៅប្រទេសកូរ៉េដើម្បីគោះទ្វារផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងការគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់វិនិយោគិនកូរ៉េ។
គួរបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនាសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ដែលថ្នាក់ដឹកនាំទាំងពីរបានរំលេចផ្តួចផ្តើមឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មរបស់ខ្លួននៅកម្ពុជា៕