ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៃ ក្រសួងពាណិជ្ជកម្ម បានស្រាវជ្រាវរកឃើញថា ឈ្មួញមួយចំនួនបាននាំចូលផ្លែទុរេនពីប្រទេសជិតខាង យកមកជ្រលក់ថ្នាំម្យ៉ាង ហើយដាក់លក់លើទីផ្សារបន្លំថាជារបស់ក្នុងស្រុក។ ការរកឃើញនេះធ្វើឡើងក្រោយពេលសារព័ត៌មានមួយចំនួន បានចុះផ្សាយអំពីករណីមានការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។
ក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ក.ប.ប ក្នុងពេលចុះស្រាវជ្រាវ មន្ត្រីជំនាញបានសាកសួរអាជីវករលក់ផ្លែទុរេន ហើយឈ្មួញទាំងនោះបានអះអាងថា ផ្លែទុរេនដែលពួក គាត់ដាក់តាំងលក់ គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ។ ផ្ទុយពីចម្លើយរបស់ឈ្មួញ ក.ប.ប បានឱ្យដឹងថា តាមការស្រាវជ្រាវ គឺមានផ្លែទុរេនមួយចំនួនបាននាំចូលពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។
ជាមួយគ្នានេះ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណនិង ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។
សូមជម្រាបថា ជុំវិញការលក់ផ្លែទុរេនជ្រលក់ថ្នាំបន្លំថាទុរេនក្នុងស្រុករបស់ឈ្មួញ បែបនេះ ក.ប.ប. បានអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ កុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងត្រូវប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ៕