ភ្នំពេញ៖ អង្គការសុខភាពពិភពលោក បន្តពង្រឹងនិងពង្រីងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសាកល ការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ការពង្រឹងប្រព័ន្ធសន្តិសុខសុខភាព និងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅក្នុងតំបន់ និងពិភពលោកទាំងមូល។ នេះជាការលើកឡើងរបស់លោក សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Ma`u Piukala) នាយក អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងកិច្ចពិភាក្សាការងារជាមួយលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនវ លោក ឈាង រ៉ា បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលតែងតែជួយដល់វិស័យសុខាភិបាលកម្ពុជា ទាំងជំនួយបច្ចេកទេស និងធនធានថវិកា។
ជាការឆ្លើយតប លោក សាយយ៉ា បានថ្លែងអំណរដល់ក្រសួងសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក។ លោកក៏បានលើកឡើងអំពីយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសុខភាពពិភលោក សម្រាប់ឆ្នាំ២០២៤-២០២៨ និងបានស្នើសុំការគាំទ្ររបស់ក្រសួងសុខាភិបាលទៅលើឯកសារយុទ្ធសាស្រ្តនេះ។
លើសពីនេះ លោក សាយយ៉ា ក៏បានលើកឡើងអំពីគោលដៅឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសាកល ការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ការពង្រឹងប្រព័ន្ធសន្តិសុខសុខភាព និងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅក្នុងតំបន់ និងពិភពលោកទាំងមូល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគាំទ្រយុទ្ធសាស្រ្តសហប្រតិបត្តិការ ដែលបានរៀបចំឡើង ដោយមានសង្គតិភាពជាមួយអាទិភាព និងកម្មវិធីគោលនយោបាយ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕