Cctimesw1140xh150cm copy

វត្តមាន«កុកពាក់អំបោះ»នៅតំបន់រ៉ាមសារបញ្ចាក់ថាតំបន់ដីសើមជាជម្រករកចំណីដ៏សំខាន់ដល់សត្វស្លាបទឹកគ្រប់ប្រភេទ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ធំ៖ ឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន ក្នុងខែមិថុនានេះ បានកត់ត្រាសត្វកុកពាក់អំបោះប្រមាណជា៥០ក្បាល ដែលនេះសបញ្ចាក់ថាតំបន់ដីសើម ដែលមានទីតាំងនៅក្នុងទន្លេសាបមួយនេះ កំពុងផ្តល់ទីជម្រករកចំណីដ៏សំខាន់ដល់សត្វស្លាបទឹកគ្រប់ប្រភេទរួមទាំងសត្វ ដែលកំពុងរងការគំរាមកំហែងក្នុងពិភពលោក។

បើតាមក្រសួងបរិស្ថាន សត្វកស ឬ ត្រុំ ឬ កុកពាក់អំបោះ (Woolly-necked Stork) ជាប្រភេទបក្សីដែលនិយមរស់នៅតំបន់ដីសើម ជាពិសេសនៅតាមបណ្ដាខេត្តជាប់ទន្លេសាបនៃប្រទេសកម្ពុជា។ កន្លែងពងកូនធំជាងគេរបស់កុកពាក់អំបោះ គឺស្ថិតនៅតំបន់ព្រែកទាល់ ក្នុងបឹងទន្លេសាប។ សត្វកុកពាក់អំបោះកំពុងត្រូវបានគំរាមកំហែងដោយកត្តាមួយចំនួនដូចជា ការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រក។

បក្សីប្រភេទនេះរស់នៅតាមទំនាបលិចទឹក និងតំបន់ដីសើមក្នុងព្រៃល្បោះ។ ការបន្តពូជរបស់វាគឺចាប់ផ្ដើមចន្លោះពីខែកុម្ភៈ រហូតទៅដល់ខែឧសភា និងខែសីហា ដល់ខែវិច្ឆិកាអាស្រ័យទៅលើវ័យរបស់វា។ កុកពាក់អំបោះមានទំហំចាប់ពី៧៥-៩១សង់ទីម៉ែត្រ ហើយខ្លួនទាំងមូលរបស់វាមានពណ៌ខ្មៅរលោង លើកលែងតែ ក ផ្នែកខាងក្រោមពោះ និងក្រោមកន្ទុយរបស់វាមានពណ៌ស។

បើតាមអង្គការ BirdLife in Cambodia បក្សីប្រភេទនេះត្រូវបានចាត់ចូលជាប្រភេទសត្វជិតរងការគម្រាមកំហែង ក្នុងបញ្ជីក្រហមរបស់ IUCN Rest List ពិភពលោក ហើយចំនួនរបស់វាកំពុងធ្លាក់ចុះនៅលើពិភពលោក។ សត្វនេះស្ថិតនៅក្នុងចំណោមសត្វស្លាបកំពុងរងការគំរាមកំហែងទាំង១០ប្រភេទដែលគម្រោងអង្គការ BirdLife នៅដែនជម្រកសត្វព្រៃលំផាត់ធ្វើការអង្កេតតាមដានជាប្រចាំ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង