Cctimesw1140xh150cm copy

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង២,៥លាននាក់រយៈពេល៥ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាស មានចំនួនជាង ២លាន ៥សែននាក់ ពោលគឺមានការកើនឡើង ២២% ធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតជាង ២លាន ១សែននាក់។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងធិធីសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្រ្តលើការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា សកម្មភាពការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានស្ដារឡើងវិញបន្តិចម្តងៗ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងកំពុងបោះជំហានទៅមុខគួរជាទីមោទនៈ។ លោកបន្តថា ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ នឹងធ្វើការហោះហើរចំនួន៤ជើងក្នុងមួយសប្តាហ៍ជារៀងរាល់ថ្ងៃចន្ត ពុធ សុក្រ និងអាទិត្យ ពីរាជធានីភ្នំពេញទៅកាន់ញ៉ូវដេលី(New Delhi) តាមរយៈជើងហោះហើរលេខ K6 760 ដោយចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង១៦និង៤៥នាទី ហើយទៅដល់រដ្ឋធានីញ៉ូវដេលី នៅវេលាម៉ោង១៩និង៥០នាទី ជាមួយរយៈពេលនៃការហោះហើរចំនួន៤ម៉ោងនិង៣៥នាទី ដោយប្រើប្រាស់អាកាសប្រភេទ Airbus 320។ បើតាមផែនការរបស់ក្រុមហ៊ុន និងយោងតាមសេចក្ដីត្រូវការជាក់ស្ដែងរបស់ទីផ្សារ ការហោះហើររៀងរាល់ថ្ងៃទោកាន់រដ្ឋធានីញ៉ូវដេលី នឹងអាចចាប់ផ្តើមពីចុងខែតុលាឆ្នាំ២០២៤ខាងមុខនេះតទៅ។

គួរបញ្ជាក់ថា ចំពោះលទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងឆ្នាំ២០២៣ កម្ពុជាបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុកនិងអន្ដរជាតិ ដែលមានចំនួនជាង ៥លាន ១សែននាក់ កើនឡើង ១១៥% ធៀបនឹងរយៈពេល ១២ខែ នៅក្នុងឆ្នាំ២០២២ ដែលជាដំណាក់កាលងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ដោយឡែកក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម ហើយចាប់ពីដើមខែឧសភា ឆ្នាំ២០២៤។កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញពីទីក្រុងDubai មករាជធានីភ្នំពេញ ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈហោះហើរសិទ្ធិទី៥៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង