សាធារណរដ្ឋសិង្ហបុរី៖ វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ផ្ដល់ឱកាសដល់ការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សំដៅបង្កើននូវរំហូរវិនិយោគនិងទំហំពាណិជ្ជកម្មលើគ្រប់វិស័យដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។ នេះជាការលើកឡើងរបស់លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី។
វេទិកានេះ មានកិច្ចពិភាក្សាអំពីកាលានុវត្តភាពវិនិយោគ ដែលមានការចូលរួមឈ្វេងយល់ពីវិនិយោគិនសិង្ហបុរីនិងកម្ពុជា សរុបប្រមាណ ៤០០រូប។
នាឱកាសនេះ លោក សួន សុផល បានលើកឡើងអំពីបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល, គោលការណ៍ច្បាប់និងបទប្បញ្ញាត្តិពាក់ព័ន្ធនឹងវិនិយោគ ជាពិសេសបានសង្កត់ធ្ងន់លើគោលនយោបាយបើកចំហ និងទាក់ទាញចំពោះការវិនិយោគពីបរទេស តាមស្មារតីនៃច្បាប់ស្ដីពីវិនិយោគ គ្របដណ្តប់លើអភិក្រមផ្ដល់កិច្ចសម្រួល, កញ្ចប់លើកទឹកចិត្ត និងការថែទាំវិនិយោគ ដែលជាការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះ លោកក៏បានបញ្ជាក់អំពីសក្ដានុពលវិនិយោគសំខាន់ៗលើវិស័យអាទិភាពនៅកម្ពុជារួមមាន៖ វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, យានយន្ដនិងអេឡិចត្រូនិក, ទេសចរណ៍ និងការអភិវឌ្ឍបៃតង។ល។