សិង្ហបុរី៖ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី កាលពីថ្ងៃទី១៨ មិថុនា បានប្រកាសដាក់ឱ្យដំណើរការគម្រោង ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។ ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី។
ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឱ្យដំណើរការ ដោយធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី កាលពីម្សិលមិញនេះ។ ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោង ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យម នៅប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាស់ទាំងនោះ ដើម្បីជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។
ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ត្រូវបានអភិវឌ្ឍឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Proxtera Pte Ltd ។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិក និងបានតភ្ជាប់ក្នុងថ្នាលនេះ រួមមាន ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។ ភាគីសិង្ហបុរី រួមមាន ធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន Sing Investment & Finance Limited ។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ជាចក្ខុវិស័យរួមរវាងធនាគារជាតិកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីគាំទ្រលំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាស់ធុនតូចនិងមធ្យម តាមរយៈពង្រឹងគុណភាពទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេស កម្ពុជា និងសិង្ហបុរី ដែលនឹងផ្តល់លទ្ធភាពសហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបានសេវា ហិរញ្ញវត្ថុកាន់តែប្រសើរ។ ការដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ កណ្ដាល់ទាំងពីរក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួម ចំណែកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕