ភ្នំពេញ-កណ្តាល៖គម្រោងសាងសង់«ស្ពានអាកាសភ្លោះ»ថ្មីតម្លៃជាង១៦លានដុល្លារអាម៉េរិក នៅថ្ងៃទី ១៧ មិថុនានេះ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និង ផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និង ខេត្តកណ្តាល។
ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និង ត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និង មូលនិធិអភិវឌ្ឍកោះនរា។ ស្ពាននេះ នឹងក្លាយជាស្ពានអាកាសទី៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និង វិស័យឯកជន។
យោងតាមរបាយការណ៍ គម្រោងសាងសង់ស្ពានអាកាសនេះ ត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និង ស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។
ស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និង ស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និង ផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្ដោយស្ពានមានប្រវែង ៦២២ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស។
បើតាមរាជរដ្ឋាភិបាល ស្ពានអាកាសភ្លោះដែលបើកការដ្ឋានសាងសង់នេះ សាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកនៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។នៅពេលព្រលានយន្តហោះដាក់ឱ្យដំណើរការចរាចរណ៍កាន់តែមមាញឹក ហើយនៅចំណុចឆ្លងកាត់ផ្លូវជាតិលេខ២ អាចប្រឈមការកកស្ទះប្រសិនបើមិនមានស្ពានអាកាសភ្លោះសម្រាប់ឆ្លងកាត់លើផ្លូវជាតិលេខ២ទេនោះ៕