Cctime 6monthsfree desktop
Cc times  web banner kh (2)

ទិវាជាតិ«អប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវ:»លើកទី៧បើកជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី ១៥ មិថុនាបានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលត្រូវបានប្រកាសបើកជាផ្លូវការ។ ទិវានេះក៏មានការដាក់តាំងបង្ហាញនូវពិព័រណ៍ មុខជំនាញ សមិទ្ធផល ស្នាដៃ ខ្សែសង្វាក់ផលិតកម្ម និង ការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីជំរុញនិងលើកទឹកចិត្តឱ្យមហាជនចូលរួមអនុវត្ត។

ទិវាជាតិ ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈលើកទី៧នេះ មានការរៀបចំការតាំងបង្ហាញស្នាដៃ ឱកាសសិក្សាជំនាញ ឱកាសការងារ ការធ្វើតេស្តវាយតម្លៃសមត្ថភាព និងមានស្តង់ពិព័រណ៍ចំនួន ១២៥ ដោយមាន​ការចូលរួមពីស្ថាប័នចំនួន ១០៤ ក្នុងនោះមាន ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ចំនួន៣៤ និងក្រុមហ៊ុន គ្រឹះស្ថា​នឯកជន អង្គការ សមាគម និង​ដៃគូ​អភិវឌ្ឍន៍ចំនួន ៧០ ព្រមទាំងមានបង្ហាញពីសារៈសំខាន់នៃការអប់រំ និង ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផ្សព្វផ្សាយ និងណែនាំអំពីវិស័យ និង មុខជំនាញអាទិភាពដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និង​គ្រឹះស្ថាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងធ្វើការបណ្តុះបណ្តាល។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និង វែងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និង ជាផ្លូវដែលអាចឱ្យសិស្សបន្តការសិក្សាបាន និងអាចបំពេញការងារបានក្នុងពេលតែមួយ ដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារ។

គួរបញ្ជាក់ថា  សាធារណជន អាចចូលរួមទស្សនាស្តង់ពិព័រណ៍ដោយសេរី នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ២០:០០នាទី។ទិវាជាតិនេះ គឺជាព្រឹត្តិការណ៍ និងចលនាជាតិមួយយ៉ាងសំខាន់ក្នុងលើកកម្ពស់រវាងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីជំរុញផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង និងការលើកទឹកចិត្តដល់យុវជន សិស្ស មាតា បិតា អាណាព្យាបាល និយោជក និយោជិត ព្រមទាំងសាធារណជនទូទៅ ឱ្យចូលរួមកាន់តែច្រើន និងសកម្ម លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង