ភ្នំពេញ៖ ក្នុងរយៈពេលជាង១៦០ថ្ងៃកន្លងទៅ កម្លាំងសមត្ថកិច្ចទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថ បានបើកប្រតិបត្តិការរួមគ្នាបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង៤ពាន់ករណី ក្នុងនោះឃាត់ខ្លួនមនុស្សប្រមាណ១ម៉ឺននាក់ មានទាំងជនជាតិខ្មែរ និងជនបរទេស ហើយជនបរទេសភាគច្រើនជាជនជាតិវៀតណាម និងជនជាតិចិន។ នេះបើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា គ្រឿងញៀនដែលកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបាននាពេលកន្លងទៅនេះ ប្រមាណ៨៥ភាគរយ មានប្រភពមកពីតំបន់ត្រីកោណមាស ខណៈកម្ពុជាជាតំបន់គ្រាន់តែឆ្លងកាត់ប៉ុណ្ណោះ។ លោកបន្ដថា ជនល្មើសដែលបង្ក្រាបបានក្នុងប្រតិបត្តិការកន្លងមក គឺជាផ្នែកមួយនេះក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់ ហើយការបង្ក្រាបនេះប្រៀបបានដូចជាការកាត់ផ្ដាច់ផ្នែកខ្លះរបស់ក្រុមឧក្រិដ្ឋជន។
យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅពេលនេះ មានចំនួន៥៤សំណុំរឿង ក្នុងនោះមានទៀតសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី។ គ្រឿងញៀនដែលរៀបចំដុតបំផ្លាញនៅពេលនេះ សរុបចំនួន៤ តោន ១០០គីឡូក្រាម១០៨,៧៦ ក្រាម និងវគ្គក្រោយទៀត គឺការបំផ្លាញដោយវិធីសាស្ត្រ បន្សាបនូវសារធាតុគីមីផ្សំ ចំនួន៣ តោន ២៥៤គីឡូក្រាម ដែលជាអាស៊ីតមិនអាចធ្វើការបំផ្លាញដោយវិធីដុតបាន ដោយត្រូវរង់ចាំការបន្សាប។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងទៀតថា គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលប្រមាណជាង៤តោននៅពេលនេះ មានតម្លៃប្រមាណ២២លានដុល្លារ ដែលជាតម្លៃជួញដូរនៅលើទីផ្សារ ខណៈបើគិតជាតម្លៃចែកចាយទៅដល់ដៃអ្នកប្រើប្រាស់វិញ ប្រមាណ៦៦លានដុល្លារ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា ការដុតបំផ្លាញគ្រឿងញៀន និងការប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពេលនេះ ប្រៀបដូចជាការផ្ញើសារ និងក្រើនរម្លឹកអំពីផលប៉ះពាល់ វិនាសសកម្មនានាដែលបណ្ដាលមកពីការចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា៕