ភ្នំពេញ៖ គ្រឿងញៀន សារធាតុញៀន និងសារធាតុគីមី សរុបចំនួន ៤ តោន ១០០គីឡូក្រាម ១០៨,៧៦ ក្រាម ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចរឹបអូសកម្ទេចចោល នៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤នេះ។ តាមរបាយការណ៍បរិមាណគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធបទល្មើសសរុបទាំងអស់ចំនួន ៧ តោន ៣៥៤ គីឡូក្រាម ១០៨,៧៦ ក្រាម ដោយបានដុតកម្ទេចចោលនៅថ្ងៃនេះប្រមាណជាង ៤តោន និងគ្រឿងញៀនសល់ជាង ៣តោនត្រូវការបំផ្លាញដោយវិធីសាស្ត្របន្សាប។
ក្នុងការកម្ទេចគ្រឿងញៀនត្រូវចែកជាវគ្គៗ ដាច់ដោយឡែកពីគ្នា គឺ ការកម្ទេចដោយវិធីសាស្ត្រដុតនូវសារធាតុញៀន និងសារធាតុគីមី ចំនួន ៤ តោន ១០០គីឡូក្រាម ១០៨,៧៦ ក្រាម និងវគ្គក្រោយទៀត គឺការបំផ្លាញដោយវិធីសាស្ត្របន្សាបនូវសារធាតុគីមីផ្សំ ចំនួន ៣ តោន ២៥៤ គីឡូក្រាម ដែលជាអាស៊ីតមិនអាចធ្វើការបំផ្លាញដោយវិធីដុតបាន។
ចំពោះការបន្សាបនូវសារធាតុគីមីទាំងនេះ តម្រូវឱ្យមានការទិញនូវសារ ធាតុគីមីផ្សេងមកធ្វើប្រតិកម្មបន្សាប និងសម្ភារៈបច្ចេកទេសចាំបាច់ដែលទាមទារឱ្យមានការសិក្សាពីគម្រោងចំណាយលម្អិតដោយឡែក ក្រោមការឧបត្ថម្ភពីដៃគូរសហប្រតិបត្តិការដែលដឹកនាំដោយ UNODC នៅពេលខាងមុខ៕