ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ១២ ខែមិថុនា បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្កានូវការឆ្លងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីសង្កេតឃើញជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ មានការកើនឡើងនៅអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤នេះ។
យោងតាមសេចក្តីប្រកាសក្រសួងសុខាភិបាល បានបញ្ជាក់ថា ការធ្វើតេស្តវិភាគ (PCR Test) ដើម្បីកំណត់អត្តសញ្ញាណប្រភេទនិងអនុក្រុមវីរុស(Vieus Sequencing) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរកឃើញអនុក្រុមវីរុសកូវីដ-១៩បំប្លែងខ្លួន ដែលស្ថិតក្នុងក្រុមត្រូវចាប់អារម្មណ៍ និងប្រុងប្រយ័ត្ន (Variant of Interest (VOI)) តែមិនមែនជាអនុក្រុមដែលមានការព្រួយបារម្ភ (Variant of Concern (VOC)) ដែលនឹងធ្វើឱ្យមានការសម្រាកនៅមន្ទីរពេទ្យច្រើននោះទេ»។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីបង្កានូវការឆ្លងរាលដាលជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ។ ក្នុងនោះ ត្រូវប្រកាន់ខ្ជាប់អនាម័យ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល។ នៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះពាសវាលពាសកាលនោះឡើយ។
លើសពីនេះ ត្រូវចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព និងត្រូវពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។ ពលរដ្ឋត្រូវទៅបន្តចាក់វ៉ាកសាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមមន្ទីរពេទ្យឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំបង្ការការឆ្លងជំងឺកូវីដ-១៩។
ម្យ៉ាងទៀត ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរសព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំនិងពិគ្រោះយោបល់។ ប្រសិនបើធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ រហូតដល់គ្មានរោគសញ្ញាជំងឺ៕