សៀមរាប៖ ក្នុងមួយឆ្នំាៗ អាជ្ញាធរជាតិអប្សរាបានបណ្តុះ និងដាំកូនឈើពូជប្រណិតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីឈើប្រណិតៗ អាជ្ញាធរជាតិអប្សរាក៏បានគិតគូ ចំពោះការដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ ជាក់ស្តែង ត្នោតជាដើមឈើមួយតំណាងអត្តសញ្ញាណរបស់ខ្មែរ ក៏បានដាំដុះឡើងវិញនៅតាមទំនប់បុរាណ ឬមាត់ប្រឡាយនានា។
លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើមត្នោតក្រៅពីជាឈើបុរាណមានអាយុកាលដ៏យូរលង់ ជាអត្តសញ្ញាណរបស់ខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីដើមរហូតដល់ស្លឹក។ ប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោត និងទឹកត្នោត សម្រាប់ធ្វើនំជាដើម។ តម្រូវការប្រើប្រាស់ដើមត្នោត បានកើនឡើងជាប្រចាំ ជាហេតុអាចប្រឈមនិងការបាត់បង់ដើមឈើជាអត្តសញ្ញាណជាតិមួយនេះ បើសិនមិនមានការដាំដុះឡើងវិញនោះ។
លោក ញ៉ែម រស្មី បញ្ជាក់ថា មកដល់បច្ចុប្បន្ននេះដើមត្នោត ដែលបានដាំដុះរួច និងកំពុងលូតលាស់យ៉ាងល្អប្រសើរ លើដីនៃឧទ្យានអង្គរ មានចំនួនប្រមាណ៥,០០០ដើមរួចមកហើយ។ ខណៈអាជ្ញាធរជាតិអប្សរាបក៏កំពុងបណ្តុះ នៅតាមស្ថានីយបណ្តុះកូនឈើនានា មានប្រមាណជាង២,០០០ដើមបន្ថែម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ និងទំនប់បុរាណ នារដូវវស្សាខាងមុខនេះ។
នៅពេលដើមត្នោតដែលបានដាំដុះក្នុងពេលកន្លងមក លូតលាស់ហើយអាចអាស្រ័យផលបាន ប្រជាពលរដ្ឋនៅក្បែរៗនោះអាចអាស្រ័យផល តាមរយៈការបេះផ្លែ និងទឹកត្នោត យកទៅទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ប៉ុន្តែអាជ្ញាធរជាតិអប្សរា សំណូមពរប្រជាពលរដ្ឋមិនត្រូវកាប់ដើមត្នោតទាំងនោះជាដាច់ខាត ព្រោះថាដើមឈើទាំងនោះ ទម្រាំដាំដុះឱ្យធំលូតលាស់ផ្តល់ផលមកវិញ ចំណាយពេលមិនតិចជាង២០ឆ្នាំឡើយ៕