ភ្នំពេញ៖ ជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air បានត្រៀមខ្លួនរួចរាល់ហើយ។នេះបើតាមការអះអាងរបស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ អាកាសចរណ៍ស៊ីវិល។
លោក ស៊ីន ចាន់សិរីវុត្ថា ប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី ១៦ ខែមិថុនា ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកសម្ភោធការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ ជើងក្នុងមួយសប្តាហ៍។
ដោយឡែកបើគ្មានអ្វីប្រែប្រួលទេកម្មវិធីហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងត្រៀមបើកការហោះហើរត្រង់ពី ទីក្រុង ញូវដេលី មកសៀមរាប ចាប់ពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះ ហើរ៧ជើងក្នុងមួយសប្តាហ៍។
បើតាមលោក ស៊ិន ចាន់សិរីវុត្ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ ផ្សព្វ ផ្សាយ ពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបា លនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរតាមរយៈទេសចរណ៍វប្បធម៌ និងសាសនា។
កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស ចំនួន៣១ កំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត ហើយចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២៤មក ក្រុមហ៊ុន Emirates Airlines បានហោះហើរមក កម្ពុជា ឡើងវិញពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈសិទ្ធិហោះហើរទី៥។
នៅឆ្នាំ ២០២៣ កម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និង អន្តរជាតិចំនួន ជាង ៥ លាន ១ សែននាក់ កើន ឡើង ១១៥% ធៀប នឹង រយៈ ពេល ១២ខែ ឆ្នាំ២០២២ ក្រោយ វិបត្តិ ជំងឺកូវីដ-១៩ ៕