ភ្នំពេញ៖ រថភ្លើង Kiha-183 ប្រភេទDMU (Diesel Multiple Unit)ចំនួន៤គ្រឿង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកបរសាកល្បងជាថ្មី លើផ្លូវដែកភាគខាងជើង (ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង)ចម្ងាយផ្លូវជាង ៥៥គីឡូម៉ែត្រ ប្រកបដោយជោគជ័យ បន្ទាប់ពីការបើកបរសាកល្បងលើកទី១ លើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ការបើកសាកល្បងលើកទី២នេះ បានធ្វើឡើងក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ/ម៉ោងពោល គឺតាមបទដ្ឋានដែលបានកំណត់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសាធរណការ និងដឹកជញ្ជូន។
បើតាមសេចក្ដីប្រកាស ក្រុមមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia(RRC) បានយកចិត្តទុកដាក់សហការគ្នាលើការពិនិត្យ និងតាមដានដំណើរការបើកបរសាកល្បងនេះ ដោយផ្តោតជាពិសេសលើ ដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ថា នៅពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយជាពីរខ្សែ ក្នុងនោះរួមមាន៖ (១) ខ្សែផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រ/ម៉ោង និង (២)ខ្សែផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ/ម៉ោង៕