ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១១ មិថុនា បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា។ក្នុងកិច្ចពិភាក្សានោះ គណៈប្រតិភូប្រទេសអង់គ្លេសស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។
យោងតាមរបាយការណ៍ពីក្រសួងសាធារណការ ក្នុងជំនួបនោះដឹកនាំដោយលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ Mr. Emil Ancewicz ទីប្រឹក្សាប្រចាំតំបន់ ទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម (Regional Infrastructure and Urban Advisor)។
ជាជំនួបក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហការក្រោមកម្មវិធីអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងបៃតង របស់ចក្រភពអង់គ្លេស( Green Cities and Infrastructure Programme) ។ អង្គប្រជុំនាឱកាសនេះ ក៏បានពិភាក្សាពីលទ្ធភាពលើជំនួយបច្ចេកទេស ឱកាសលើការវិនិយោគ ព្រមទាំងសក្កានុពលលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងវិស័យកំពង់ផែ នៅកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូស្ថានទូតចក្រភពអង់គ្លេស ស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗសម្រាប់យកទៅអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕