Cc times  web banner kh

អ្នកជំនាញអាជ្ញាធរអប្សរាធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ពន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ។ គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយ បានឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ពន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។

លោក ពុទ្ធសុទ្ធ បានបន្ដថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពីកត្តាអាយុកាល និងធម្មជាតិ។

សូមជម្រាបថា ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន និងមានចម្ងាយប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទបេងមាលា ត្រូវបានសាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី ១១ និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង