Cctimesw1140xh150cm copy

ក្រសួងវប្បធម៌ព្រមានក្រុមសិល្បៈសម្តែងក្នុងពិធីមង្គលការត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែមិថុនានេះ បានចេញសេចក្តីណែនាំ ដល់ក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌ ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីជាតិ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។

នៅពេលថ្មីៗនេះ ក្រុមប្រឹក្សាក្រមសីលធម៌ នៃអ្នកសិល្បៈ សង្កេតឃើញអំពីការចែករំលែកក្នុងបណ្តាញសង្គម អំពីសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គម។

ដើម្បីចូលរួមរិះគន់កែលម្អ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអំពាវនាវដល់ក្រុមសិល្បៈនានា ដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។

ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅ ក្រុមសិល្បៈទាំងនោះ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណី នៅតែបន្ត ប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ដែលមានជាធរមាន។ បន្ថែមពីនេះ អាណាព្យាបាលគួរពិចារណាឱ្យបានដិតដល់ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ ដែលមកចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់កូនចៅខ្លួន។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជា សកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង