កំពត៖ កំពង់ផែពហុបំណងកំពត គឺត្រូវចាត់ទុកថា នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និងមានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«កំពង់ផែពហុបំណងកំពត» នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឱ្យកាន់តែរីកចម្រើនថែមទៀត ។ ដោយឡែក កំពង់ផែពហុបំណងកំពតនេះ គឺត្រូវចាត់ទុកថា នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និងមានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។
សម្ដេចបន្តថា កំពង់ផែពហុបំណងកំពត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចឯកភាពជាគោលការណ៍ឱ្យក្រុមហ៊ុនកំពតផតធ្វើការវិនិយោគ បច្ចុប្បន្ន ក្រុមហ៊ុនកំពតផតក៏ទទួលបានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និង ដឹកជញ្ជូនផងដែរ ។ ទោះបីជាកំពង់ផែពហុបំណងកំពត គឺជាការបោះទុនវិនិយោគដោយវិស័យឯកជន ដែលមានក្រុមហ៊ុន កំពតផត ជាអង្គភាពគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និងទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍកំពង់ផែនេះ ក៏ពិតមែន ក៏កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។
គួរបញ្ជាក់ថា កំពង់ផែពហុបំណងកំពត មានតម្លៃប្រមាណ១៤០លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបង្កើតឡើងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឲ្យអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។
កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ៕