សៀមរាប៖ អាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី១៦ ឧសភា ដល់ថ្ងៃទី៤ មិថុនា បានចែកចាយកូនឈើចម្រុះចំនួន ៤,១០៥ ដើម តាមស្ថាប័ន វត្តអារាម និងដល់ប្រជាពលរដ្ឋទូទៅ ដែលបានដាក់ពាក្យស្នើយកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលបានចែកចាយនោះ រួមមាន គ្រញូង ធ្នង់ ច្រេស បេង បេង កកោះ លឿងរាជ គគីរ រំដួល និងនិងផ្កាព្កុល ជាដើម។
ពីពាក់កណ្ដាលខែឧសភា ដល់ដើមខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានចែកចាយ កូនឈើចម្រុះសរុប ៤,១០៥ដើម តាមស្ថាប័ន វត្តអារាម និងដល់ប្រជាពលរដ្ឋទូទៅ ដែលបានដាក់ពាក្យស្នើ យកទៅដាំនៅទីតាំងផ្សេងៗ។ ស្ថាប័នដែលដាក់ពាក្យស្នើកូនឈើយកទៅដាំ រួមមាន វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា វត្តមុនឆាយលាងវនារាម វត្តនិក្រោធារាម អគ្គនាយករដ្ឋាករទឹកស័្វយតសៀមរាប និងសាធារណជនទូទៅ។
កូនឈើចម្រុះផ្ដល់ឱ្យតំណាងវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ចំនួន ៥៥៥ ដើម យកទៅដាំលម្អបន្ថែមក្នុងបរិវេណវិទ្យាស្ថាន សិ្ថតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង១២៥ដើម ធ្នង់១២៥ដើម បេង១២៥ដើម គគីរ៥០ដើម កកោះ៥០ដើម រំដួល៥០ដើម និងផ្កាព្កុល៣០ដើម។
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ លោក ហេង ណាវី ស្នើកូនឈើចំនួន១០០ដើម ដើម្បីដាំនៅភ្នំប្រសិទ្ធិ៍។ កូនឈើទាំងនោះរួមមាន គ្រញូង២៥ដើម ធ្នង់២៥ដើម ច្រេស២៥ដើម និងបេង២៥ដើម។ លោក ឡៃ សុភ័ស្ត ប្រជាពលរដ្ឋនៅខេត្តសៀមរាប ស្នើកូនឈើចំនួន៥០ដើម យកទៅដាំនៅខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់១០ដើម ច្រេស១០ដើម និងបេង១០ដើម។ លោក ម៉ៅ ហាត់ ប្រជាពលរដ្ឋនៅខេត្តសៀមរាប ស្នើកូនឈើចំនួន ២០០ ដើម ដើម្បីយកទៅដាំនៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម បេង៥០ដើម កកោះ៥០ដើម និងលឿងរាជ៥០ដើម។
ប្រគេទកូនឈើចម្រុះដល់តំណាងព្រះគ្រូចៅអធិការ វត្តមុនឆាយលាងវនារាម ចំនួន៤០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល១០០ដើម គ្រញូង១០០ដើម ធ្នង់៥០ដើម បេង៥០ដើម ក្ងោក៥០ដើម និងរំដួល៥០ដើម។ ប្រគេទកូនឈើចម្រុះជូនតំណាងព្រះភិក្ខុ ប៉ុង ផាន់ ចំនួន១,៣០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្តនិក្រោធារាម ស្ថិតក្នុងភូមិឆាំឆា ឃុំតាងអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់២០០ដើម បេង២០០ដើម ឈើទាល២០០ដើម គគីរ២០០ដើម ផ្តៀក១០០ដើម និងរំដួល១០០ដើម។
លោក ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស័្វយតសៀមរាប ស្នើកូនធ្នង់ចំនួន ១០០ ដើម យកទៅដាំនៅបរិវេណក្រុងរុនតាឯក តេជោសែននៃខេត្តសៀមរាប។ ប្រជាពលរដ្ឋនៅខេត្តសៀមរាប លោក អាំ ចំរើន ស្នើកូនឈើចំនួន ២០០ ដើម ដើម្បីដាំខេត្តកណ្តាល។ កូនឈើទាំងនោះរួមមាន គ្រញូង៧០ដើម បេង៧០ដើម និងធ្នង់៦០ដើម។
លោក ស៊ន់ កាន់ តំណាងគណៈកម្មការវត្តរាជបូណ៍ ស្នើកូនឈើចំនួន ៨០០ ដើម ដើម្បីដាំលម្អក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង១០០ដើម ឈើទាល១០០ដើម គគីរ១០០ដើម សែដា១០០ដើម និងក្ងោក១០០ដើម។
លោក ឈុំ រឺ តំណាងវិទ្យាល័យបាយ័ន ស្នើកូនឈើចំនួន ៤០០ ដើម ដើម្បីដាំបន្ថែមក្នុងបរិវេណវិទ្យាល័យ ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង១០០ដើម រំដួល១៥០ដើម និងឥន្ទនេល៥០ដើម៕