កំពត៖ កំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត ក្នុងតម្លៃប្រមាណ១៤០លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែមានវិសាលភាពលើផ្ទៃដីគោក ២០៧ហិកតា និងផ្ទៃទឹក ៦៧៨ហិកតា។ ក្នុងនោះ ដែនគោកជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែ។
កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបានដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ៕