ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤ មកនេះ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Center) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លើយតប និងផ្តល់ព័ត៌មានដល់សាធារណជនជិត ១១៦,០០០ដង តាមរយៈការហៅទូរសព្ទចូល (Hot Line) លេខ ១២៨៦ និង ១២៩៧ ពាក់ព័ន្ធប.ស.ស, សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M), វិវាទការងារ និងបញ្ហាជាច្រើនទៀត។ នេះបើតាមការបញ្ជាក់ពីលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោក កត្តា អ៊ន បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ បានធ្វើការយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការឆ្លើយតបមតិយោបល់ សំណួរ និងបញ្ហារបស់សាធារណជនបានទាន់ពេលវេលា និងឆាប់រហ័ស ជិត ១១៦,០០០ដង។ ទន្ទឹមនឹងការកើនឡើងនៃចំនួនការហៅទូរស័ព្ទចូលពីសាធារណជន ក្រុមការងារបានអនុវត្តភារកិច្ច ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អជាមួយអង្គភាពពាក់ព័ន្ធដើម្បីឆ្លើយតបបញ្ហា សំណូមពរ និងសំណួររបស់ពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
លោក កត្តា អ៊ន លើកឡើងថា ក្រុមការងាររង់ចាំទទួលការហៅទូរសព្ទចូលរបស់សាធារណជន ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប្រព័ន្ធទូរសព្ទ Hotline ទាំងពីរខ្សែគឺ ១២៨៦ និង១២៩៧ ដែលរួមមាន លើសេវាបញ្ជិកានិងភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស), សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M), វិវាទការងារ, មុខរបរ និងការងារ(NEA), តាវកាលិក ប.ស.ស, សេវាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស, ប្រាក់ឧត្ថម្ភរាជរដ្ឋាភិបាល រួមនិងសេវាផ្សេងៗទៀតរបស់ក្រសួង។
ជាមួយគ្នានេះ លោក កត្តា អ៊ន ក៏បានអំពាវនាវដល់សាធារណជន ក្នុងករណីមានចម្ងល់ ឬតម្រូវការអ្វីមួយ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារ ដែលនេះជាកិច្ចសហការរវាងក្រុមការងារ និងសាធារណជន ក្នុងកិច្ចការបម្រើសេវាសាធារណៈ៕