ភ្នំពេញ៖ ទំហំពានិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសអាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៦,៨២៤.១២ លានដុល្លារ ក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កើនឡើង១១.៩៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះទំហំទឹកប្រាក់ដែលកម្ពុជាបាននាំចេញទំនិញទៅទីផ្សារនានាក្នុងបណ្ដាប្រទេសអាស៊ានមានចំនួន ២,៤៥៩.២០ លានដុល្លារ និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ៤,៣៦៤.៩២ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងចំណោមបណ្ដាប្រទេសក្នុងអាស៊ាន កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាមបានច្រើនជាងគេគឺស្ថិតក្នុងទឹកប្រាក់ចំនួន ១,៨៨៧.៥២ លានដុល្លារ កើនឡើងចំនួន ២៣.៩៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈកម្ពុជានាំចូលទំនិញពីវៀតណាមវិញស្ថិតក្នុងទឹកប្រាក់ចំនួន ១,៦៧០.៦៣ លានដុល្លារ កើនឡើងចំនួន ៨,០១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ក្រៅពីនេះ ប្រទេសថៃស្ថិតនៅលំដាប់ទី២ជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញទៅច្រើន គឺស្ថិតក្នុងទំហំទឹកប្រាក់ចំនួន ៣៩១.៧១ លានដុល្លារ បន្ទាប់មកមានប្រទេសម៉ាឡេស៊ី ៥៤.៣៩ លានដុល្លារ, ឥណ្ឌូណេស៊ី ៤៨.៨៣ លានដុល្លារ, សិង្ហបុរី ៤៨.៦៧ លានដុល្លារ, ហ្វីលីពីន ១៩.៧២ លានដុល្លារ, ឡាវ ៥.៥០ លានដុល្លារ, ប្រុយណេ ២.៤៩ លានដុល្លារ, និងមីយ៉ាន់ម៉ា ០.៣៧ លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ កង់ សំបកកង់ ផលិតផលបន្ទះសូឡា ជ្រូករស់ និងផលិតផលកសិកម្មមួយចំនួនដូចជា អង្ករ ស្វាយចន្ទី។ល។