Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានឹងអាចទាក់ទាញវិនិយោគិននិងទេសចរបន្ថែមទៀតពីការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជានឹងអាចទាក់ទាញវិនិយោគិន និងទេសចរ បន្ថែមទៀតមកពីបណ្ដាប្រទេសនិយាយភាសាបារាំង ពីការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦។ នេះជាការលើកឡើងរបស់លោក ខេលវិន ម៉ូ (Kelvin Mo) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅពករឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនេះ លោក ខេលវិន ម៉ូ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់កម្ពុជា ក៏ដូចជាបានអបអរសាទរចំពោះកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ដែលតាមរយៈកិច្ចប្រជុំកំពូលនេះ កម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន និងទេសចរ មកពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។ បន្ថែមលើនេះ លោកបានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគរបស់កម្ពុជា គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ និង គោរពស្នើសុំអនុសាសន៍ណែនាំរបស់សម្ដេច ហ៊ុន ម៉ាណេត ក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក អូស្ត្រាលី ជប៉ុន ហើយបច្ចុប្បន្នកំពុងត្រូវបានបង្កើតបន្ថែមនៅប្រទេសបារាំង និងបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

ជាក់ស្តែង ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ បានដើរតួនាទីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាវិនិយោគិនផងដែរ។ សម្ដេចសង្ឃឹមយ៉ាងមុតមាំថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ នឹងសហការជិតស្និទ្នជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានស្នើដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ជួយបំពេញនូវកិច្ចការជាអាទិភាពចំនួនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង