កំពង់ចាម៖ គម្រោងសិល្បៈពនេចរ (NomadiX Art Tour) ស្តីពី « សិល្បៈ សហ-គមន៍ និងបរិស្ថាន » ដែលមានក្រុមសិល្បករទីសំចត (tiSamjort) វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) និង Anicca Foundation ជាអ្នកអនុវត្តគម្រោង និងទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) បានរៀបចំសិក្ខាសាលាសិល្បៈទី ១ ដោយជោគជ័យ នៅវត្តសិរីសាគរកោះកំពង់ត្រុំ ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។
សិក្ខាសាលាសិល្បៈនេះគោលបំណងប្រើប្រាស់សិល្បៈ ដើម្បីបំផុសគំនិតយុវជនឱ្យចេះថែរក្សា និងផ្តល់តម្លៃឲ្យសិល្បៈវប្បធម៌ដែលជាមត៌ករបស់ខ្មែរ ក៏ដូចជាផ្តល់លទ្ធភាពក្នុងការទទួលបានការអប់រំផ្នែកសិល្បៈ តាមរយៈសកម្មភាពដូចជា ការរៀបចំសិក្ខាសាលា ការរៀបចំកិច្ចពិភាក្សា ការតាំងពិព័រណ៍ ការបញ្ចាំងភាពយន្ត និងការសម្តែងនានា ។ នៅក្នុងសិក្ខាសាលាសិល្បៈទី ១នេះ ក្រុមការងាររបស់គម្រោងបានបង្កើតឱកាសឲ្យសិល្បករ អ្នកដឹកនាំសហគមន៍ សមាជិកសហគមន៍ និងសិក្ខាកាមប្រមាណ ៦០ នាក់ ជួបជុំគ្នា ដើម្បីឈ្វេងយល់ និងធ្វើការសន្ទនាប្រកបដោយភាពច្នៃប្រតិដ្ឋ។
ក្រោមមូលបទ "សិល្បៈ សហគមន៍ និងបរិស្ថាន" សិល្បៈពនេចរបានដំណើរការសិក្ខាសាលាចំនួនបួនក្នុងពេលតែមួយ ដែលរួមមាន សិក្ខាសាលាថតរូប សិក្ខាសាលាថតវីដេអូ សិក្ខាសាលាគំនូរ និងសិក្ខាសាលាសូនរូប ដែលផ្តល់ឱ្យសិក្ខាកាមនូវជំនាញ និងបច្ចេកទេសសិល្បៈ ដើម្បីយកទៅប្រើប្រាស់ជាមធ្យោបាយសម្រាប់បង្ហាញបញ្ហា និងដំណោះស្រាយដែលចេញពីគំនិត
ផ្លាល់ខ្លួនរបស់សិក្ខាកាម ។ ក្នុងពេលពេញមួយថ្ងៃ អ្នកចូលរួមបានអនុវត្តផ្ទាល់លើសកម្មភាពសិល្បៈ ដឹកនាំដោយគ្រូដែលមានបទពិសោធន៍ ឆន្ទៈជំរុញភាពច្នៃប្រតិដ្ឋ និងការបង្ហាញភាពជាខ្លួនឯង ។
ក្រៅពីនេះ សិក្ខាកាមបានដាក់បង្ហាញជាសាធារណៈនូវស្នាដៃរបស់ខ្លួន ដែលនេះបានបង្ហាញពីទេពកោសល្យ និងភាពប៉ិនប្រសប់របស់សហគមន៍មូលដ្ឋាន ។ ភាពលេចធ្លោមួយទៀតនៃសិក្ខាសាលានេះ គឺកិច្ចពិភាក្សាស្តីពី « តួនាទីសិល្បៈក្នុងការ លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ » ដែលវាគ្មិនសំខាន់ៗបានចូលរួមពិភាក្សាយ៉ាងស៊ីជម្រៅទៅលើប្រធានបទ ដោយក្នុងនោះមាន សិល្បករដឹកនាំសិក្ខាសាលាទាំងបួនរូប ព្រះចៅអធិការវត្តសិរីសាគរកោះកំពង់ត្រុំ និងនាយកសាលា អនុវិទ្យាល័យ ហ៊ុន សែន កោះមិត្តផងដែរ ។
អ្នកនាង ប៉ុក ម៉ារីណា ជាអ្នកសម្របសម្រួលគម្រោងបានថ្លែងដោយភាពរីករាយថា « គម្រោងសិល្បៈពនេពរ បានវិលត្រលប់មកវិញនៅឆ្នាំ ២០២៤ នេះ បន្ទាប់ពីជំងឺរាតត្បាតបានកើតឡើង ។ ទឹកចិត្ត និងការលះបង់របស់សិល្បករខ្មែរសហសម័យចំនួន ៤ រូប បាននាំមកនូវភាពដ៏អស្ចារ្យ និងភាពរស់រវើកនៅក្នុងសហគមន៍នៃខេត្តកំពង់ចាម» ។
សិក្ខាសាលាបានបញ្ចប់ ដោយផ្ទាំងសិល្បទស្សនីយភាពនាពេលរាត្រី រួមមានការចាក់បញ្ចាំងភាពយន្ត និងការសម្តែងសិល្ប ទស្សនីយភាព រួមមាន របាំក្បាច់បុរាណខ្មែរ របាំប្រពៃណី និងល្ខោនបាសាក់ ដែលបានទាក់ទាញអារម្មណ៍ទស្សនិកជនឱ្យមកទស្សនាប្រមាណជា ៣០០ នាក់ ។
កញ្ញា អោម សុមាលី ប្រធានកម្មវិធី នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានមានប្រសាសន៍ថា « ក្រុមការងារពួកយើងនឹងបន្តរៀបចំ សិក្ខាសាលាលើកទីពីរ របស់គម្រោងសិល្បៈពនេចរ ដែលគ្រោងនឹងរៀបចំឡើងនៅវត្តមញ្ចសិលាថ្មគ្រែ ក្រោមការចូលរួមសហការពីវិទ្យាល័យថ្មគ្រែ ក្នុងខេត្តក្រចេះ នៅថ្ងៃទី ១២ ខែកក្កដា ខាងមុខនេះ និងសិក្ខាសាលាចុងក្រោយ គ្រោងនឹងរៀបចំឡើងនៅប្រាសាទព្រះគោ ស្ថិតក្នុងឃុំថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៥ ខែកក្កដា ដូចគ្នា » ។
សាធារណជនទាំងអស់ ទាំងសិល្បករក្តីនិងមិនមែនសិល្បករក្តី ទោះជិតឬឆ្ងាយ អាចអញ្ជើញចូលរួមទស្សនាកម្មវិធីសិល្បៈនៅពេលរសៀលចាប់ពីម៉ោង ២ រសៀល ដោយសេរី។ សមិទ្ធផលដ៏អស្ចារ្យ ដែលកើតចេញពីសិក្ខាសាលានៅក្នុងខេត្តទាំងបី នឹងត្រូវយកទៅបង្ហាញជូននៅក្នុងកម្មវិធីពិព័រណ៍ធំៗចំនួនពីរ ក្នុងខេត្តកំពង់ចាមនៅចុងឆ្នាំ ២០២៤ និងទីក្រុងភ្នំពេញនៅដើមឆ្នាំ ២០២៥ ៕