Cctimesw1140xh150cm copy

ម៉ានី ប៉ាគីអាវ សន្យាចូលរួមលើកស្ទួយ«វិស័យគុនខ្មែរ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និង ជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន បានប្តេជ្ញានឹងចូលរួមលើកស្ទួយ និង ជំរុញដល់វិស័យគុនខ្មែរ។ការប្តេជ្ញានេះ ធ្វើឡើងក្នុងពេលលោកចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមាន៧មករា។

លោក ម៉ានី ប៉ាគីអាវ បានគូសបញ្ជាក់ថា កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និង លំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបាននូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។

នៅចំពោះមុខ សម្តេច ហ៊ុន ម៉ាណែត លោកប៉ាគីអាវថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៃព្រះរាជាណាចក្រកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងការប្រកួតជាច្រើនកម្រិត និង ច្រើនប្រភេទទម្ងន់ផ្សេងៗ។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលលោក ម៉ានី ប៉ាគីអាវ ទស្សនកិច្ចនៅប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចលើកទីមួយនៅឆ្នាំ២០១៦ ដែលពេលនោះ លោកបានអមដំណើរលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ 

សម្រាប់សម្តេច ហ៊ុន ម៉ាណែត វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និង លើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង