
ភ្នំពេញ៖គណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច នៅនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ជួបប្រជុំពិភាក្សាគ្នាអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២១។គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជាម យៀប ប្រធាន គណៈកម្មការ បានជួបប្រជុំជាមួយ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហការី នៅវិមានរដ្ឋសភា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺធ្វើការពិនិត្យពិភាក្សាគ្នាលើការគ្រប់គ្រងថវិការបស់ រដ្ឋសភា សម្រាប់ឆ្នាំ២០២១ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានតម្រូវឲ្យមាន កាត់បន្ថយការចំណាយពាក់កណ្តាល ដូចបណ្តា ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលដែរ នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងពិភពលោកទាំងមូលកំពុង ជួបប្រទះវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា ការគ្រប់គ្រងថវិការបស់រដ្ឋសភា សម្រាប់ឆ្នាំ២០២១ គឺមានការខុសគ្នាពីឆ្នាំកន្លងទៅ។ រាជរដ្ឋាភិបាល បានធ្វើការណែនាំដល់ក្រសួងនិងស្ថាប័នរដ្ឋទាំងអស់ គឺត្រូវធ្វើការកាត់បន្ថយការចំណាយរបស់ខ្លួនឲ្យនៅត្រឹមពាក់កណ្តាល ធៀបនឹងឆ្នាំ កន្លងទៅ។ មូលហេតុដែលតម្រូវឲ្យមាន ការកាត់បន្ថយការចំណាយនេះ គឺដោយសារការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បានធ្វើឲ្យ សេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំង លើការប្រមូលចំណូលចូលថវិកាជាតិ ដូច្នេះរាជរដ្ឋាភិបាល ក៏បានធ្វើការកាត់បន្ថយថវិកា ចំណាយតាមបណ្តាក្រសួងស្ថាប័នរដ្ឋ នូវការចំណាយមួយចំនួនដែលមិនចាំបាច់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ៕

