Cctimesw1140xh150cm copy

កម្ពុជាធ្វើជាម្ចាស់ផ្ទះ«ប្រឡងចម្រៀងជាពួកអន្តរជាតិ»លើកទីមួយ ឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រឡងចម្រៀងជាពួកអន្តរជាតិ លើកទីមួយ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ការប្រកួតប្រជែងនេះ នឹងបើកឲ្យចូលរួមទស្សនាដោយសេរី និង វាយតម្លៃដោយគណៈកម្មការជំនាញមកពីប្រទេសកម្ពុជា ស៊ុយអ៊ែត និងប្រទេសថៃ។

ថ្លែងនៅក្នុងពិធីបើកកម្មវិធីប្រកួត នៅសាលមហោស្រពចតុម្មុខ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានលើកឡើងថា ព្រឹត្តិការណ៍នេះ នឹងជួយពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍវប្បធម៌ និងសិល្បៈ នៅកម្ពុជារួមទាំងពិភពលោក។ ក្រៅពីការប្រកួតប្រជែង ក៏ជាការអបអរសាទរវប្បធម៌នៃប្រទេសនីមួយៗ បង្ហាញនូវសោភណភាព គុណភាព និងវិជ្ជាជីវៈនៃការច្រៀងជាពួក។ លោកស្រី ភឿង សកុណា ជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យមានការកសាង និងអភិវឌ្ឍន៍ដល់យុវជនជំនាន់ក្រោយ ព្រមទាំងការស្រឡាញ់នៃវប្បធម៌របស់ពួកគេ។

លោក Johan Rooze តំណាង INTERKULTUR បានអះអាងថា ទោះបីនេះជាលើកទី១នៃការចាប់ផ្តើមកម្មវិធីនេះ ប៉ុន្តែ លោកជឿជាក់ថានឹងទទួលបានភាពជោគជ័យ។ ក្រៅពីការប្រឡងចម្រៀងជាពួក ក៏មានរៀបចំកម្មវិធីផ្សេងៗទៀតសម្រាប់អ្នកចូលរួម ដូចជាការប្រគំតន្រ្តី សិក្ខាសាលា សកម្មភាពអប់រំជាច្រើន ជាមួយនឹងមិត្តភាព។ បន្ថែមពីនេះ លោកក៏បានឧទ្ទេសនាម សមាជិកនៃគណៈមេប្រយោគក្នុងកម្មវិធីនេះមានដូចជា លោក Jody Pawasut Piriyapongrat មកពីប្រទេសថៃ លោក Peder Karisson មកពីប្រទេសស៊ុយអ៊ែត និងលោក ឃួន សិទ្ធិសក្តិ មកពីប្រទេសកម្ពុជា ដែលគណៈមេប្រយោគទាំង៣រូប សុទ្ធតែជាអ្នកជំនាញដ៏ពូកែ ដោយលោកជឿជាក់ថា ពួកគេនឹងធ្វើការងារដ៏ល្អក្នុងអំឡុងពេលហ្វឹកហាត់ សិក្ខាសាលា និងការប្រកួតប្រជែង។

កម្មវិធីប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ ២០២៤នេះ រៀបចំឡើងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤។ ការប្រកួតប្រជែងនេះ នឹងបើកឲ្យចូលរួមទស្សនាដោយសេរី និង វាយតម្លៃដោយគណៈកម្មការជំនាញ ។ ជាមួយគ្នានេះដែរ ក្រុមចម្រៀងនឹងចូលរួមសម្តែងជាសាធារណៈក្នុងកម្មវិធី «ការប្រគុំតន្ត្រីមិត្តភាព» នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ថ្ងៃទី៣០ និង ៣១ ខែឧសភា ឆ្នាំ២០២៤។ ចំពោះការបញ្ចប់ គឺ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងកម្មវិធីប្រគល់រង្វាន់ និងកម្មពិធីបិទនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

សូមជម្រាបថា ព្រឹត្តិការណ៍«ប្រឡងចម្រៀងជាពួកអន្តរជាតិ»នេះ រៀបចំឡើងដោយអង្គការ INTERKULTUR ដែលជាស្ថាប័ននាំមុខគេលើពិភពលោកក្នុងព្រឹត្តិការណ៍ចម្រៀងជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាននិងរដ្ឋបាលរាជធានីភ្នំពេញផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង