រតនគិរី៖ ឃ្លាំងរក្សាទុកគ្រាប់ស្វាយចន្ទីចំនួន៤ ដែលស្ថិតនៅក្នុងស្រុកចំនួន ៣ នៃខេត្តរតនគិរី នឹងជួយសម្រួលដល់ប្រជាកសិករដាំស្វាយចន្ទី អាចស្តុកទុកគ្រាប់ស្វាយចន្ទីក្រោយពេលប្រមូលផល ដើម្បីរង់ចាំលក់ចេញវិញ ពេលដែលទទួលបានតម្លៃល្អពីទីផ្សារ ព្រោះអំឡុងពេលប្រជាកសិករសម្រុកប្រមូលផលគ្រាប់ស្វាយចន្ទី តម្លៃគ្រាប់ស្វាយចន្ទី តែងតែធ្លាក់ចុះ។
ឃ្លាំងរក្សាទុកគ្រាប់ស្វាយចន្ទីចំនួន៤ ម៉ាស៊ីនញែកគ្រាប់ ទីលានហាលសម្ងួត និង ឧបករណ៍វាស់សំណើមគ្រាប់ស្វាយចន្ទី សរុបជាទឹកប្រាក់ជិត ២៣ ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនដល់សហគមន៍ស្វាយចន្ទីចំនួន៤ផ្សេងៗគ្នា។ ឃ្លាំងរក្សាទុកគ្រាប់ស្វាយចន្ទីចំនួន៤នេះ ស្ថិតនៅក្នុងស្រុកអូរជុំចំនួន ២, ស្រុកលំផាត់, និងស្រុកបរកែវ ខេត្តរតនគិរី។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ ថា អត្ថប្រយោជន៍ធំជាងគេនៃឃ្លាំងស្ដុកគ្រាប់ស្វាយចន្ទីមិនមែនគ្រាន់តែរក្សាទុកទេ ប៉ុន្ដែដើម្បីរងចាំនៅពេលមានតម្លៃសមស្របនៅលើទីផ្សារ ក្នុងការលក់ចេញទៅវិញ។ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា តម្លៃគ្រាប់ស្វាយចន្ទី ជាងរៀងរាល់ឆ្នាំ តែងតែមានការប្រែប្រួល ពិសេសនៅពេលដែលប្រជាកសិករប្រមូលផលជុំគ្នា ធ្វើឱ្យបរិមាណផ្គត់ផ្គង់មានបរិមាណកើនឡើងខ្ពស់ ដែលធ្វើតម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ។
លោក ឃឹម ហ្វីណង់ បានបន្ដថា អំឡុងពេលមួយខែ ឬពីរខែ នៃការប្រមូលផលគ្រាប់ស្វាយចន្ទីជិតអស់ តម្លៃគ្រាប់ស្វាយចន្ទីតែងតែកើនឡើងមកវិញ។ ដូច្នេះកាលដែលសហគមន៍មានឃ្លាំងស្ដុកទុកគ្រាប់ស្វាយចន្ទី សមាជិកកសិករអាចធ្វើការហាលសម្ងួត និងស្ដុកទុកសិន ដើម្បីរងចាំពេលវេលាសមស្រប និងមានតម្លៃសមរម្យ ធ្វើការលក់ចេញវិញ។
កាលដែលមានឃ្លាំងស្ដុកទុកគ្រាប់ស្វាយចន្ទីនេះ អាចធ្វើប្រជាកសិករតូចៗ អាចធ្វើការងារជាសហគមន៍ ហើយនឹងអាចស្ដុកទុកគ្រាប់ស្វាយចន្ទីដើម្បីធ្វើការកែច្នៃ មុននឹងធ្វើការលក់ចេញ។ ការធ្វើដូច្នេះ នឹង ធ្វើឱ្យសហគមន៍ ក៏ដូចជាកសិករទទួលបានតម្លៃបន្ថែមខ្ពស់ ជាងការលក់គ្រាប់ស្វាយចន្ទីសើម ឬគ្រាប់ស្វាយចន្ទីមិនទាន់ធ្វើការកែច្នៃ៕