ភ្នំពេញ៖ អង្គការមូលនិធិកុមារកម្ពុជា (ហៅកាត់ថា ស៊ីស៊ីអេហ្វ) ជាអង្គការក្រៅរដ្ឋាភិបាលឈានមុខគេ ក្នុងការងារមនុស្សធម៌ជួយកុមារក្រីក្រ និងគ្រួសារនៅកម្ពុជាអស់រយៈពេលពីរទសវត្សរ៍។ បច្ចុប្បន្ននេះ មានកុមារប្រមាណ ២.០០០ នាក់ ដែលកំពុងខិតខំប្រឹងប្រែង រៀនសូត្រដើម្បីជីវិតល្អប្រសើរនៅថ្ងៃខាងមុខរបស់ពួកគេនិងគ្រួសាររបស់ពួកគ។ ជាមួយគ្នានោះ ស៊ីស៊ីអេហ្វបានពង្រីកកម្មវិធីជំនួយ ដែលមានទាំងកម្មវិធីអប់រំ កម្មវិធីព្យាបាល និងថែទាំសុខភាព ព្រមទាំងជំនួយសហគមន៍ទៅដល់កុមារនិងប្រជាសហគមន៍ ទាំងក្នុង និងក្រៅតំបន់ស្ទឹងមានជ័យ ដល់ទៅជាង ១៥៥.០០០នាក់។
នៅក្នុងកម្មវិធីគម្រប់ខួប២០ឆ្នាំនៃការងារមនុស្សធម៌ របស់ អង្គការមូលនិធិកុមារកម្ពុជា កាលពីថ្ងៃទិ២៦ ឧសភា លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា ការលះបង់ដ៏ធំធេងរបស់លោក ស្កុត នីសិន បានជំរុញ លោកជំទាវ និងសម្តេច ហ៊ុន ម៉ាណែត ឱ្យគាំទ្របេសកកម្មរបស់ស៊ីស៊ីអេហ្វ។ បេសកកម្ម និងការខិតខំប្រឹងប្រែងដ៏សកម្មរបស់ អង្គការមូលនិធិកុមារកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ថា ជំនួយរបស់លោកអ្នក មិនថាតាមរយៈការរួមចំណែកជា ហិរញ្ញវត្ថុផ្តល់មូលនិធិដល់ប្រតិបត្តិការ ការបរិច្ចាគសម្ភារៈ និងឧបករណ៍ជំនួយដល់ការអប់រំ ការចែករំលែកគំនិត ជំនាញ ចំណេះដឹង និងកិច្ចសហការល្អ គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការធានាបន្តបាននូវភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការមូលនិធិកុមារកម្ពុជា។
លោក ស្កុត នីសិន អតីតនាយកប្រតិបត្តិហូលីវូដហើយដែលបានបោះបង់អាជីពរបស់លោក ដើម្បីបង្កើតអង្គការស៊ីស៊ីអេហ្វនេះឡើង មានប្រសាសន៍ថា លោកមិនធ្លាប់នឹកស្មានថានឹងអាចសម្រេចបាននូវសមិទ្ធផលដូចសព្វថ្ងៃនេះទេ។ គ្រប់យ៉ាងបានចាប់ផ្ដើមជាមួយក្មេងស្រីម្នាក់ឈ្មោះ ស្រីនិច ដែលនាងរស់នៅ និងធ្វើការក្នុងស្ថានភាពដ៏លំបាកបំផុតនៅលើទីលានចាក់សំរាមជាមួយម្ដាយនិងប្អូនស្រីរបស់នាង។ សព្វថ្ងៃនេះ ស៊ីស៊ីអេហ្វមានកុមារប្រមាណ ២.០០០ នាក់ដែលកំពុងខិតខំប្រឹងប្រែង រៀនសូត្រដើម្បីជីវិតល្អប្រសើរនៅថ្ងៃខាងមុខរបស់ពួកគេនិងគ្រួសាររបស់ពួកគេផងដែរ។
លោក ស្កុត នីសិន បានបន្តទៀតថា អង្គការមូលនិធិកុមារកម្ពុជា បានពង្រីកកម្មវិធីជំនួយ ដែលមានទាំងកម្មវិធីអប់រំ កម្មវិធីព្យាបាល និងថែទាំសុខភាព ព្រមទាំងជំនួយសហគមន៍ទៅដល់កុមារនិងប្រជាសហគមន៍ ទាំងក្នុងនិងក្រៅតំបន់ស្ទឹងមានជ័យ ដល់ទៅជាង ១៥៥.០០០នាក់ ដែលវាពិតជារឿងមួយដែលអស្ចារ្យមែនទែន៕