Cctimesw1140xh150cm copy

អាជ្ញាធរអប្សរាបណ្ដុះដើម«ត្នោត រាំង ស្ដៅ និងអំពិល» ដាំតាមជើងទំនប់ និងបារាយណ៍

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រៅពីដើមឈើប្រណិត និងដើមឈើលម្អ អាជ្ញាធរជាតិអប្សរា ក៏បាននិងកំពុងបណ្ដុះកូនត្នោត រាំង ស្ដៅ និងដើមអំពិល ដើម្បីដាំនៅតាមជើងទំនប់បុរាណ ទំនប់ធ្វើថ្មី និងតាមបារាយណ៍ជាដើម ត្បិតរុក្ខជាតិទាំងនេះមានភាពធន់នឹងទឹក និងអាកាសធាតុ ដែលអាចឱ្យគេយកទៅដាំដុះនៅជើងទំនប់ និងទីទំនាបលិចទឹកបាន។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបណ្ដុះរុក្ខជាតិត្នោត និងដើមរាំង ជាដើម ដើម្បីទុកដាំនៅតាមជើងទំនប់បុរាណ ទំនប់ធ្វើថ្មី និងតាមបារាយណ៍ជាដើម ព្រោះរុក្ខជាតិទាំងនោះ ងាយស្រួលថែរក្សា ហើយធន់នឹងអាកាសធាតុ។

លោក ញ៉ែម រស្មី បានបន្ដថា តួយ៉ាងដូចជាដើមរាំង រុក្ខជាតិនេះលូតលាស់លឿនពេលដាំនៅតាមជើងទំនប់ជិតទឹក ហើយវាក៏អាចរស់នៅក្នុងទឹករយៈពេលយូរដល់ទៅ ៦ខែ ឬលើសនេះក៏មាន ដោយមិនបារម្ភខ្លាចងាប់ឡើយ។ ជាក់ស្ដែង តាមការបញ្ជាក់ពីលោក ញ៉ែម រស្មី អាជ្ញាធរជាតិអប្សរា បានដាំដើមរាំង និងត្នោតជិត២ពាន់ដើមនៅម្ដុំសំណង់ទ្វារទឹកតាសោម ដែលបច្ចុប្បន្នពួកវាមានភាពលូតលាត់ល្អ និងមានអាយុចន្លោះ ៥ឆ្នាំ ទៅ១០ឆ្នាំ។

ក្រៅពីជួយការពារជើងទំនប់មិនឱ្យហូរច្រោះដី ក្នុងនោះប្រភេទរុក្ខជាតិខាងលើ ក៏មានអត្ថប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ ដូចជាដើមរាំង ដើមស្ដៅ និងដើមអំពិល ពលរដ្ឋអាចអាស្រ័យផលដោយបេះធ្វើជាបន្លែសម្រាប់បរិភោគ សម្រាប់លក់ និងធ្វើជាឱសថផងដែរ។ លោក ញ៉ែម រស្មី បញ្ជាក់ថា ការបង្កើនការដាំត្នោត ជាផ្នែកមួយជួយលើកកម្ពស់រុក្ខជាតិតំណាងជាតិ និងរួមចំណែកអភិរក្សរុក្ខជាតិនេះកុំឱ្យបាត់បង់ផង។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៤មក អាជ្ញាធរជាតិអប្សរាបានដាំដើមរាំងសរុបប្រមាណ៣ម៉ឺនដើម និងដើមត្នោតប្រមាណ៥ពាន់ដើម។ ចំនួននេះមិនរាប់បញ្ចូលការដាំរុក្ខជាតិផ្សេងៗទៀតទេ។ តាមរបាយការណ៍ ក្នុងឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើក្នុងឧទ្យានអង្គរជិត៣ម៉ឺនដើម និងជាង២លានដើម គិតពីឆ្នាំ២០០៤មក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង