កំពង់ស្ពឺ៖នៅថ្ងៃទី ២៦ ឧសភានេះ កម្ពុជាបានរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គោឧសភរាជ ស៊ី«ស្រូវ,ពោត»ច្រើនជាងគេ តាមប្រថ្នូលបានទិន្នផលខ្ពស់ឆ្នាំនេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្នុងខែពិសាខ ជារៀងរាល់ឆ្នាំ ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវធ្វើស្រែចម្ការ និង ដាំណាំផ្សេងៗរបស់ប្រជាកសិករ និង ផ្សងមើលប្រផ្នូលស្រុក ទេស តាមរយៈគោឧសភរាជ។ក្នុងព្រះរាជពិធីនេះ ព្រាហ្មណ៍ព្រះរាជគ្រូ សូធ្យពាក្យអធិដ្ឋានផ្សងគោឧសភរាជ ទឹមច្រត់ព្រះ នង្គ័ល នោះ ឱ្យស៊ីផឹករបស់៧យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ ដែលរួមមាន គ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ និង ស្រា១តុ។
ជាលទ្ធផល ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៤នេះ តាមរយៈការបរិភោគរបស់ គោឧសភរាជ បានបង្ហាញថា ស្រូវ ពោត បានទទួលផល ៩៥% និង សណ្ដែត ៨៥ %។តាមប្រថ្នូលនៅឆ្នាំនេះ កសិផល ស្រូវ ពោត និង សណ្ដែត គឺនឹងទទួលបានទិន្នផលល្អ។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏សំខាន់ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។ ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ៕