ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងក្រសួងសេដ្ឋកិច្ចកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមចំនួន ២៥ លានអឺរ៉ូ សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Marie - Héléne LOISON អគ្គនាយករងប្រតិបត្តិនៃទីភ្នាក់ងារAFD កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
ក្រៅពីនេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សារណៈស្តីពីក្របខណ្ឌ ២០៥០ ដំណាក់កាលទី ២ (Facility 2050 Phase 2)។ នាឱកាសនេះ លោកស្រីអគ្គនាយក បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី កម្ពុជា-បារាំង ដែលមានការរីកចម្រើនជាលំដាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អ ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់គោលនយោបាយលើកទី ៧ ដោយជោគជ័យ និងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤។
ទន្ទឹមនេះ លោកស្រីក៏បានគូសបញ្ជាក់ថា បារាំងនឹងនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជាដោយនៅតែរក្សាទំហំឥណទានសម្បទាន ចំនួន ២០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ ព្រមទាំងនឹងបន្តជួយកៀរគរជំនួយបច្ចេកទេសពី Expertise France, ហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប, និងសហហិរញ្ញប្បទានពីប្រភពផ្សេងទៀត សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណដល់AFD ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច, បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕