សៀមរាប៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ មានមហិច្ឆតាក្លាយទៅជាសហគមន៍កសិកម្មចម្រុះមួយ ដែលមានចរិតបរិយាបន្នទូលំទូលាយ និងមានសមាហរណកម្មខ្ពស់ជាមួយនឹងប្រព័ន្ធអេកូឡូហ្ស៊ីនៅជុំវិញដែលមានស្រាប់ ធានាបាននូវការអភិវឌ្ឍសហគមន៍។ នេះបើតាមការលើកឡើងក្នុងបណ្តាញសង្គមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។
នៅថ្ងៃទី ២៤ ឧសភា ២០២៤ មន្ត្រីក្រសួងកសិកម្ម បានដឹកនាំក្រុមការងារជំនាញចុះជួបបងប្អូនសហគមន៍រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍយូរអង្វែងរបស់សហគមន៍នៅទីនេះ។ បើតាមមន្ត្រីក្រសួងកសិកម្ម សហគមន៍កសិកម្មទំនើបស្រូវនាងអំ មានមហិច្ឆតាក្លាយទៅជាសហគមន៍កសិកម្មចម្រុះមួយ ដែលមានចរិតបរិយាបន្នទូលំទូលាយ និងមានសមាហរណកម្មខ្ពស់ជាមួយនឹងប្រព័ន្ធអេកូឡូហ្ស៊ីនៅជុំវិញដែលមានស្រាប់ ធានាបាននូវការអភិវឌ្ឍសហគមន៍ ដែលមានទាំងនិរន្តភាពសេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងអាចជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករជាសមាជិកសហគមន៍នៅក្នុងតំបន់នេះប្រកបដោយសមធម៌។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជានីតិបុគ្គលឯកជនមានលក្ខណៈជាសហគ្រាសសេដ្ឋកិច្ចកសិកម្ម បង្កើតដោយកសិករដាក់ធនធានរួមគ្នា ដើម្បីផលិតទិញលក់ និងផ្តល់សេវារួមគ្នា គោរពតាមគោលការណ៍គ្រឹះទាំង៧ គឺរួមដោយស្ម័គ្រចិត្ត គ្រប់គ្រងដោយសមាជិកបែបប្រជាធិបតេយ្យ គ្រប់គ្រងបែងចែកប្រយោជន៍បែបសហគ្រាសសេដ្ឋកិច្ចមានស្វ័យភាពនិងឯករាជ្យ ក្នុងការបំពេញសកម្មភាពរបស់ខ្លួន ផ្តល់ការអប់រំសហការជាមួយសហគមន៍កសិកម្មដទៃទៀត និងគិតគូរដល់ផលប្រយោជន៍រួមនៃសហគមន៍ដែលខ្លួនធ្វើសកម្មភាពសេដ្ឋកិច្ច៕