ភ្នំពេញ៖ ទីតាំងស្តុក និងផលិតគ្រឿងសំអាងមួយកន្លែងដែលមានផលិតផលគ្រឿងសំអាងសរុបប្រមាណ ៥៥ តោន ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានផ្អាកបណ្តោះអាសន្ន។
ក្រុមការងារចំពោះកិច្ចនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដោយមានការសហការពី មន្ត្រីនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច មន្ត្រីមន្ទីរសុខាភិបាលរាជធានី និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង ទីតាំងស្តុក និងផលិតគ្រឿងសំអាងមួយកន្លែង ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញផលិតផលគ្រឿងសំអាងសរុបប្រមាណ ៥៥ តោន ដោយមាន ផលិតផលដែលវេចខ្ចប់រួចស្រេចប្រមាណ ២១ តោន និងសម្បកវេចខ្ចប់ប្រមាណ ៣៤ តោន។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន។


