Cctimesw1140xh150cm copy

លោក ស៊ុន ចាន់ថុល ពន្យល់ឧបនាយករដ្ឋមន្ត្រីវៀតណាមពីគម្រោង«ព្រែកជីកហ្វូណនតេជោ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាម។រូបភាព៖ CDC

ទីក្រុងតូក្យូ៖ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៣ ឧសភា បានទទួលជួបពិភាក្សាការងារជាមួយ លោក  Lee Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីលម្អិតពីគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងរសើបនៃប្រទេសទាំងពីរ។ក្នុងកិច្ចពិភាក្សានោះ លោក ស៊ុន ចាន់ថុល ប្រាប់វៀតណាមថា គម្រោងនេះ ជីកលើព្រែកដែលដូនតាខ្មែរជីកពីបុរាណ និង មានការសិក្សារលម្អិលពីក្រុមអ្នកបច្ចេកទេស។

លោក ស៊ុន ចាន់ថុល បានប្រាប់ថា សមភាគីវៀតណាមថា គម្រោង«ព្រែកជីកហ្វូណនតេជោ»ជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និង ផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ ហើយគម្រោងនេះសិក្សាយ៉ាងលម្អិតអស់រយៈពេល២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់ ៤៨នាក់ ក្នុងនោះមានកម្រិតជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន ៣០នាក់ និង កម្រិតវិស្វករចំនួន ៧នាក់ ដែលសុទ្ធសឹងដែលមានជំនាញ និង បទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និង គ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។

បើតាមលោក ស៊ុន ចាន់ថុល ផ្លូវទឹកនេះនឹងសាងសង់សន្ទះផ្លូវទឹក ៣កន្លែង ស្ថិតនៅ ខេត្តកណ្តាល ខេត្តតាកែវ និង ខេត្តកែប ធានាបាននូវប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និង អាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្រ មិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ។

សម្រាប់លោក ស៊ុន ចាន់ថុល គម្រោងនេះនឹងជួយរក្សា លំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និង បង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍ សម្រាប់ការកកើតនៃពពួកវារី សត្វ-រុក្ខជាតិ និង មច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន ៥ នៅក្នុងប្រទេសកម្ពុជា និង អាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។

ក្រោយស្តាប់ពីការពន្យល់ លោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណដល់សមភាគីកម្ពុជា យល់ស្រប ចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំកម្ពុជា ដោយសង្ឃឹមថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង