![](https://cdn.cc-times.com/kh.cc-times.com/media/48600/large/%E1%9E%80%E1%9F%86%E1%9E%96%E1%9E%84%E1%9F%8B%E1%9E%95%E1%9F%82%E1%9E%9F%E1%9F%92%E1%9E%9C%E1%9E%99%E1%9F%90%E1%9E%8F.jpg?1716452975)
ទីក្រុងតូក្យូ៖ ជប៉ុន បង្ហាញនូវការតាំងចិត្តថា នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ។ នេះជាការលើកឡើងរបស់លោក Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាឱកាសពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីក្រុងតូក្យូប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសជំនួបនេះ លោក ស៊ុន ចាន់ថុល បានសំណូមពរឱ្យភាគីជប៉ុនជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។
ជាការឆ្លើយតប លោក Saito TETSUO បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញឱ្យភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឱ្យបានកាន់តែឆាប់រហ័សដើម្បីធានាបានថាគម្រោងការនេះនឹងអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។
បន្ថែមពីនេះ លោកក៏បានបង្ហាញនូវការតាំងចិត្តថា នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ៕
![](https://cdn.cc-times.com/kh.cc-times.com/media/48601/large/444481531_866339492190985_1617154301883278143_n.jpg?1716453040)
![](https://cdn.cc-times.com/kh.cc-times.com/media/48602/large/441488541_866339522190982_6778197043099340711_n.jpg?1716453050)
![](https://cdn.cc-times.com/kh.cc-times.com/media/48603/large/442425284_866339458857655_8611134389636430615_n.jpg?1716453057)