ទីក្រុងសេអ៊ូល៖ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃូអរកូត” ចំនួនបីដាច់ដោយឡែកពីគ្នា ជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ជាពិសេសសម្រួលដល់ពលករខ្មែរចំណាកស្រុកក្នុងការបង្វែរប្រាក់ត្រឡប់មកក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា។ ពិធីចុះអនុស្សរណៈនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
បើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា អនុស្សរណៈទី១ធ្វើឡើងជាមួយធនាគារគូកមីន (Kookmin Bark Co., Ltd.) ទី២ជាមួយស្ថាប័ន JB Financial Group Co., Ltd.និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank)។ ក្នុងឱកាសនោះដែរ ក្រុមហ៊ុនក្រេឌីត បូរ៉ូ (ខេមបូឌា)ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីជាមួយក្រុមហ៊ុនក្រេឌីត បូរ៉េ (កូរ៉) និងធនាគាJEONBUK ស្ដីពី "កិច្ចសហការចែករំលែកព័ត៌មានឥណទានឆ្លង់ដែន“ រវាងព្រះក៍ជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េផងដែរ។
អនុស្សរណៈយោគយល់ទាំងនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងពង្រឹងការផ្លាស់ប្តូរព័ត៌មាឥណទានដែលអាចធ្វើឱ្យការផ្តល់ឥណទានកាន់តែប្រសើរ ជាពិសេស សម្រួលដល់ពលករខ្មែរចំណាកស្រុកក្នុងការបង្វែរប្រាក់ត្រឡប់មកក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា ជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្ម ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុង់តំបន់។ នេះបើតាមសេចក្ដីប្រកាស។
ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការនេះនឹងជួយបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀតក្នុងបុព្វហេតុផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធុរជននៃប្រទេសទាំងពីរ ព្រមទាំងគាំទ្រគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ស្ដីពី "ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥"៕