Cctimesw1140xh150cm copy

ក្រុមហ៊ុនហិរញ្ញវត្ថុនិងធនាគាររបស់កូរ៉េចង់បណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងសេអ៊ូល៖ ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗ បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនេះ លោកនាយកប្រតិបត្តិ បានលើកឡើងអំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗទៀត។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ បានបន្ថែមថា ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់សម្ដេច ហ៊ុន ម៉ាណែត លោកមានភាពជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជាដែលប្រកបដោយភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់ ហើយលោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគឯកជនរបស់កូរ៉េនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចបានគូសបញ្ជាក់ថា ទោះបីជាទីផ្សាររបស់កម្ពុជានៅមានទំហំតូច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ ហើយសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។

ចំពោះគម្រោងអាកាសធាតុបៃតង សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាកំពុងតែយកចិត្តទុកដាក់ និងបោះជំហានទៅមុខលើការអភិវឌ្ឍបច្ចេកវិទ្យាបៃតងដោយរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពលើការផលិតថាមពលអគ្គិសនីស្អាត តាមរយៈការប្រើប្រាស់ថាមពលវារីអគ្គសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ។ សម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធលើវិស័យសក្ដានុពលនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង